ព្រឹត្ដិការណ៍សមរាត្រី (Equinox)ថ្ងៃរះចំកណ្ដាលប្រាសាទអង្គរ អ្នកទេសចរជាងមួយម៉ឺននាក់ ទៅទស្សនាក្នុងរយៈពេលបីថ្ងៃ
សៀមរាប៖ ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ទៅទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣នេះ មានជាងមួយម៉ឺន២ពាន់នាក់ នេះបើតាមអ្នកជំនាញទេសចរណ៍ បានឲ្យដឹង។
ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌អង្គរ នៃអាជ្ញាធរជាតិអប្សរា លោក សេង សុធារ៉ា បានឱ្យដឹងនៅថ្ងៃទី២៥កញ្ញាថា ព្រឹត្ដិការណ៍ថ្ងៃរៈចំកណ្ដាលកំពូលប្រាសាទអង្គរ មានអ្នកទេសចរខ្មែរ មានចំនួន៩ពាន់៨៤៧នាក់ ក្នុងនោះអ្នកទេសចរអន្ដរជាតិទិញសំបុត្រមើលថ្ងៃរះមានជាង២៧៨៨នាក់ ដែលសរុបក្នុងរយៈពេលបីថ្ងៃមានចំនួនជាងមួយម៉ឺនពីរពាន់នាក់។ ដោយឡែកអ្នកទេសចរជាតិ និងអន្ដរជាតិចូលតាមប្រាសាទនីមួយៗ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ក្រៅពីមើលថ្ងៃរះ ក្នុងរយៈពេលបីថ្ងៃដូចគ្នា មានចំនួន៣ម៉ឺន១ពាន់៩០៨នាក់ ក្នុងនោះអ្នកទេសចរអន្ដរជាតិទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន៤២៥៥នាក់។
លោកបានបន្ថែមថា អ្នកទេសចរ បង្ហាញអាម្មណ៍រំភើបពេលមកទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្ត ជាពិសេសនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកពីគ្រប់ទិសទី៦ពាន់នាក់ បានមកទស្សនាទស្សនីយភាពថ្ងៃរះ នាព្រឹកព្រលឹមនៅប្រាសាទអង្គរ ដោយទឹកមុខសប្បាយរីករាយ បើទោះបីព្រះអាទិត្យមិនបានបញ្ចេញពន្លឺច្បាស់ក៏ដោយ។ ពួកគាត់បានបង្ហាញក្តីរំភើបពេលបានមកទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្តដ៏ស្កឹមស្កៃ ជាមួយនិងមនុស្សជាច្រើនពាន់នាក់ ជាពិសេសបរិស្ថានជុំវិញប្រាសាទ និងការរៀបចំសណ្តាប់ធ្នាប់មានរបៀបរៀបរយល្អដែលជាការទាក់ទាញ ក្រៅពីប្រាសាទ។ ពួកគេបានសម្ដែងមោទកភាពចំពោះភាពអស្ចារ្យនៃស្នាដៃរបស់ដូនតាខ្មែរដែលបានកសាងសំណង់ប្រាសាទដ៏អច្ឆរិយមួយនេះ។
គួរបញ្ជាក់ថា ព្រឹត្ដិការណ៍ថ្ងៃរះចំកណ្ដាលប្រាសាទអង្គរ ឬហៅថា សមរាត្រី (Equinox) កើតឡើងចំនួន២ដងជារៀងរាល់ឆ្នាំ គឺសមរាត្រីរដូវប្រាំង (វសន្តរដូវ) កើតឡើងនៅថ្ងៃទី២១ ២២ ២៣ ខែមីនា និងសមរាត្រីរដូវវស្សាកើតឡើងនៅថ្ងៃទី២១ ២២ ២៣ ខែកញ្ញាជារៀងរាល់ឆ្នាំ៕