ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច សាជីវកម្មរបស់អាមេរិកក្ស័យធន កើនឡើងដល់កម្រិតខ្ពស់បំផុត
សហរដ្ឋអាមេរិក៖ នៅសប្តាហ៍នេះ ក្រុមហ៊ុនវិនិយោគ Guggenheim បាននិយាយថា ការក្ស័យធនសាជីវកម្ម នៅក្នុងសហរដ្ឋអាមេរិក ហាក់ដូចជាកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល១៣ឆ្នាំ ដោយសារការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលរបស់សហរដ្ឋអាមេរិក (Fed) និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច កំពុងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសមួយនេះ នេះបើយោងតាមគេហទំព័រតាមដានទីផ្សារ MarketWatch ។
សាជីវកម្មជាង ៤៥០ទីតាំង បានស្វែងរកទីជំរកនៅក្នុងតុលាការក្ស័យធន គិតត្រឹមដំណាច់ខែសីហាឆ្នាំនេះ ដែលលើសពីចំនួនសរុបប្រចាំឆ្នាំសម្រាប់រយៈពេលពីរឆ្នាំកន្លងមកនេះ។ ដោយសារអតិផរណានៅតែខ្ពស់ ហើយអត្រាការប្រាក់កំពុងកើនឡើង ធ្វើឲ្យការទូទាត់នៃការខ្ចីប្រាក់កាន់តែថ្លៃឡើង សម្រាប់សាជីវកម្មអាមេរិក។ របាយការណ៍បាននិយាយថា អ្នកដែលបរាជ័យក្នុងការបំពេញកាតព្វកិច្ចបំណុលរបស់ពួកគេនឹងប្រឈមមុខនឹងការក្ស័យធន។
ធនាគារកណ្តាល Fed កាលពីថ្ងៃពុធសប្តាហ៍មុន បានផ្អាកលើការដំឡើងអត្រាការប្រាក់ និងរក្សាអត្រាមូលនិធិសហព័ន្ធដែលនៅសេសសល់ ចន្លោះពី៥,២៥ភាគរយ ទៅ៥,៥០ភាគរយ។ ប៉ុន្តែក្រុមអ្នកវិភាគបានព្រមានថា ការដំឡើងអត្រាការប្រាក់នេះ នឹងបន្តឡើងវិញ ដើម្បីធ្វើឱ្យអតិផរណាធ្លាក់ចុះ។
កាលពីខែមុន ក្រុមហ៊ុនវិនិយោគ Goldman Sachs បានព្រមានថា «ប័ណ្ណបំណុលសាជីវកម្ម ដែលកំពុងលេចចេញជាជាង ២សែនកោដិ៍លានដុល្លារ» នឹងអង្រួនសេដ្ឋកិច្ចសហរដ្ឋអាមេរិកក្នុងរយៈពេល ២ឆ្នាំខាងមុខ ហើយនាំទៅដល់ការបញ្ឈប់ការងារជាថ្មីសម្រាប់បុគ្គលិកអាមេរិកផងដែរ៕