ការតវ៉ាប្រឆាំងរបស់ក្រុមអ្នកកាន់សាសនាហិណ្ឌូនៅប្រទេសឥណ្ឌា និងនាយករដ្ឋមន្ត្រីកាណាដា
ឥណ្ឌា៖ ប្រទេសឥណ្ឌា និងកាណាដា បន្ទាប់ពីការប្រឈមមុខដាក់គ្នាខាងការទូតមក មានក្រុមសាសនាមួយក្រុមឈ្មោះថា ក្រុមរណសិរ្សរួបរួមសាសនាហិណ្ឌូ បានធ្វើបាតុកម្មនៅទីក្រុង ញ៉ូវ ដេល្លី (New Delhi) ប្រទេសឥណ្ឌា ប្រឆាំងនឹងនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau កាលពីថ្ងៃអាទិត្យ ទី២៤ ខែកញ្ញាកន្លងទៅ។
ភាពតានតឹងរវាងឥណ្ឌា និងកាណាដាបានកើនឡើង បន្ទាប់ពីនាយករដ្ឋមន្រ្តីកាណាដាបាននិយាយកាលពីថ្ងៃចន្ទ ទី១៨ ខែកញ្ញា ថាមាន «ការចោទប្រកាន់គួរឱ្យទុកចិត្ត» ដែលភ្ជាប់ភ្នាក់ងាររដ្ឋាភិបាលឥណ្ឌា ទៅនឹងឃាតកម្មនៅក្នុងប្រទេសកាណាដា កាលពីខែមិថុនា នៃមេដឹកនាំផ្តាច់ខ្លួនសាសនា ស៊ីគ ដែលធ្វើយុទ្ធនាការសម្រាប់ការបង្កើតទឹកដីកំណើត ស៊ីគ ឯករាជ្យមួយហៅថា «តំបន់ កាលីស្ថាន»។
ទីភ្នាក់ងារប្រឆាំងភេរវកម្មសហព័ន្ធរបស់ឥណ្ឌាកាលពីថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា បាននិយាយថា ខ្លួនបានរឹបអូសទ្រព្យសម្បត្តិរបស់ជនសកម្មប្រយុទ្ធ កាលីស្ថាន ដែលខ្លួនចោទប្រកាន់ពីសកម្មភាពភេរវកម្មនៅក្នុងប្រទេសឥណ្ឌាផងដែរ៕