សិង្ហបុរី៖ ខឿនសេដ្ឋកិច្ចសេរីបំផុតលើពិភពលោក 

ក្នុងរបាយការណ៍របស់វិទ្យាស្ថាន Fraser បានប្រកាសចំណាត់ថ្នាក់ ប្រទេសសិង្ហបុរីបានយកឈ្នះលើហុងកុង ហើយក្លាយជាខឿនសេដ្ឋកិច្ចដែលមានសេរីភាពជាងគេបង្អស់លើពិភពលោក ។

សារព័ត៌មាន CNBC ដកស្រងរបាយការណ៍ឆ្នាំ 2023 របស់វិទ្យាស្ថាន Fraser កាលពីថ្ងៃទី២១ ខែកញ្ញា ឲ្យដឹងថា សិង្ហបុរីបានយកឈ្នះលើហុងកុង (ប្រទេសចិន) ដោយបានក្លាយជាប្រទេស/ដែនដីដែលមានសេដ្ឋកិច្ចប្រកបដោយសេរីភាពបំផុតលើពិភពលោក។ ចំណែកប្រទេសស៊្វីស នូវែលសេឡង់ និងសហរដ្ឋអាម៉េរិក ជាប់ចំណាត់ថ្នាក់ទីបី ទីបួន និងទីប្រាំ នៅក្នុងបញ្ជីចំណាត់ថ្នាក់។

ជាលើកដំបូងហើយ ដែលហុងកុងបានធ្លាក់ពីចំណាត់ថ្នាក់ទីមួយមកទីពីរ រាប់ចាប់ពីសន្ទស្សន៍សេរីភាពសេដ្ឋកិច្ចពិភពលោក ត្រូវបានប្រកាសកាលពីឆ្នាំ 1970។ សន្ទស្សន៍សេរីភាពសេដ្ឋកិច្ចរបស់ហុងកុងត្រូវបានព្យាករថា នឹងធ្លាក់ចុះជាបន្តទៀតនាពេលខាងមុខ។

អ្នកជំនាញនៅវិទ្យាស្ថាន Fraser ដែលជាអង្គការស្រាវជ្រាវ និងអប់រំឯករាជ្យ មានមូលដ្ឋាននៅប្រទេសកាណាដា បញ្ជាក់ថា ការកំណត់ថ្មីដែលបង្កឱ្យមានឧបសគ្គដល់ការធ្វើសមាហរណកម្មទីផ្សារ ការចំណាយរបស់សហគ្រាសនានាមានការកើនឡើង និងការជ្រើសរើសបុគ្គលិកបរទេសត្រូវបានកាត់បន្ថយជាដើម គឺជាដើមហេតុដែលនាំឱ្យហុងកុងត្រូវធ្លាក់ពីចំណាត់ថ្នាក់ទីមួយ៕