ប្រទេសបូលីវី៖ ជនពិការដៃជើង ពាក់អវយវៈសិប្បនិម្មិត ដូចអវយវៈធម្មជាតិ

លោក Richard Vargas កាលពី ៦ឆ្នាំមុន បានបាត់បង់ដៃទាំង២ របស់លោក នៅក្នុងការបំផ្ទុះជាតិរំសេវ ដែលជាហេតុការណ៍ធម្មតា នៅប្រទេសបូលីវី ដែលការបំផ្ទុះនេះ ត្រូវបានគេឃើញកើតឡើងយ៉ាងញឹកញាប់ខ្លាំងណាស់ រហូតដល់សមាជិកព្រឹទ្ធសភាធ្លាប់បានស្នើឲ្យប្រកាសថា ការបំផ្ទុះនេះជាបេតិកភណ្ឌជាតិ។

នៅក្នុងមន្ទីរពេទ្យ នៅពេលដែលលោកដឹងខ្លួន ២សប្តាហ៍ក្រោយមក លោក Vargas បានបាត់បង់ការងារជាកម្មករជាងដែក តស៊ូដោះស្រាយជាមួយនឹងការចំណាយនានា និងប្រឈមជាមួយនឹងការរើសអើងពីសង្គម។ តែឥឡូវនេះ លោក Vargas ពាក់ដៃសិប្បនិម្មិតដូចធម្មជាតិចំនួន២ ដែលអាចឲ្យលោកធ្វើដំណើរទៅទីណា ដោយមិនមានអ្នកណាចាប់អារម្មណ៍ សរសេរ ហូបអាហារដោយប្រើកាំបិត និងធ្វើអ្វីៗជាច្រើនទៀត។ ហើយអ្វីដែលគួរឲ្យត្រេកអរបំផុតសម្រាប់លោក Vargas គឺការទទួលបានការងារចាស់របស់ខ្លួនវិញនៅក្នុងរោងចក្រអាលុយមីញ៉ូម ហើយថែមទាំងក្លាយជាជាងឆ្លាក់ថ្ម នៅមុខផ្នូរ ដែលជាការងារបន្ទាប់បន្សំផងដែរ។

សូមបញ្ជាក់ដែរថា នៅបូលីវី អវយវៈសិប្បនិម្មិតភាគច្រើនត្រូវបាននាំចូលពីអឺរ៉ុប ឬអាមេរិកខាងជើង ដែលអវយវៈទាំងនោះត្រូវបានរចនាឡើង ដោយចម្លងតាមអ្នកស្បែកស និងមានតម្លៃរាប់ពាន់ដុល្លារ ដែលស្មើនឹងប្រាក់ឈ្នួលអប្បបរមារយៈពេលជាង ៦ឆ្នាំ នៅប្រទេស ក្នុងតំបន់អាមេរិកខាងត្បូង។

បញ្ហានេះបានជំរុញឲ្យវិស្វករអគ្គិសនីបូលីវី លោក Antonio Riveras បានបង្កើតក្រុមហ៊ុន Creotec ដែលជាក្រុមហ៊ុនផលិតអវយវៈសិប្បនិម្មិត ដើម្បីផ្គត់ផ្គង់ភាគច្រើនសម្រាប់តែប្រជាជនបូលីវី ដែលមានចំណូលទាបជាមួយនឹងតម្លៃទាបបំផុតរហូតដល់ ៣០០ដុល្លារ។ អវយវៈសិប្បនិម្មិតត្រូវបានរចនាឡើង ដើម្បីឲ្យសមនឹងអាយុ និងស្បែករបស់ជនមានពិការភាពទាំងអស់ ឲ្យសឹងតែដូចបេះបិទតាមដែលអាចធ្វើទៅបាន៕