ចិនអំពាវនាវឲ្យបញ្ឈប់ជម្លោះនៅអ៊ុយក្រែន និងចាប់ផ្តើមកិច្ចពិភាក្សាស្វែងរកសន្តិភាពឡើងវិញជាមួយរុស្ស៊ី
UN៖ លោក Han Zheng អនុប្រធានាធិបតីចិន បានឡើងវេទិកាជជែកដេញដោលកម្រិតខ្ពស់ប្រចាំឆ្នាំរបស់មហាសន្និបាតអង្គការសហប្រជាជាតិដែលរៀបចំឡើងបុរីញូវយ៉ក សហរដ្ឋអាមេរិក ។
លោក Han នៅក្នុងសុន្ទរកថាទៅកាន់មេដឹកនាំពិភពលោក ចាត់ទុកស្ថានភាពសន្តិសុខពិភពលោកថាមិនសូវល្អ ។
លោកនិយាយថា ការបញ្ឈប់ជម្លោះ និងការចាប់ផ្តើមឡើងវិញកិច្ចពិភាក្សាស្វែងរកសន្តិភាព គឺជាវិធីសាស្រ្តតែមួយគត់ ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន ។
លោកបន្តថា ចិនគាំទ្ររាល់កិច្ចប្រឹងប្រែងទាំងអស់ ដែលបង្កើតឲ្យមានដំណោះស្រាយដោយសន្តិវិធីជុំវិញវិបត្តិអ៊ុយក្រែន ហើយចិនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដើរតួលក្ខណៈស្ថាបនា ដើម្បីសម្រេចឲ្យបានឆាប់សន្តិភាព ។
ទោះបីជាយ៉ាងណាក៏ដោយ ចិនបានអនុប្បវាទការបោះឆ្នោតរបស់មហាសន្និបាតមានសមាជិក ១៩៣ប្រទេស ដែលទាមទារឲ្យទីក្រុងម៉ូស្គូ ដកទាហានរបស់ពួកគេចេញពីអ៊ុយក្រែន ហើយនិងបញ្ឈប់សង្រ្គាម ។ រុស្ស៊ី បានវាយលុកប្រទេសជិតខាងអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ ២០២២ ។
ការបោះឆ្នោតអនុប្បវាទរបស់ចិននេះដែរ ទំនងជាចង់ឆ្លុះបញ្ចាំងពីការព្យាយាមបន្តដោះស្រាយតាមរយៈការទូត លើសង្រ្គាមនៅអ៊ុយក្រែន ។ នៅក្នុងសុន្ទរថារបស់លោកនេះដែរ លោក Han បានអះអាងផងដែរពីការប្តេជ្ញាចិត្តចិនក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន ។
លោកបានអំពាវនាវឲ្យប្រទេសកំពុងអភិវឌ្ឍទាំងអស់ ចាត់វិធានការបន្ថែមទៀត ដើម្បីកាត់បន្ថយការបំភាយឧស្ម័នហើយនិងបានថ្កោលទោសការប្រើប្រាស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យជាឧបករណ៍នយោបាយ ដើម្បីជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃរបស់ប្រទេសដទៃ ៕