រដ្ឋមន្រ្តីក្រសួងការពារជាតិ អញ្ជើញបិទសមយុទ្ធសុខាពិបាល «ទេវតាសន្តិភាព ឆ្នាំ២០២៣» កម្ពុជា-ចិន
ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀ សីហា នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២៣នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសមយុទ្ធសុខាភិបាល កងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជាជនចិន ដែលមានឈ្មោះថា «ទេវតាសន្តិភាព ឆ្នាំ២០២៣» នាបញ្ជាការដ្ឋានកងទ័ពពិសេស កងទ័ពជើងគោក ស្ថិតនៅសង្កាត់កំបូល ខណ្ឌកំពូល រាជធានីភ្នំពេញ។
សូមបញ្ជាក់ការធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា និងចិននេះ គឺបានធ្វើឡើងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០២៣នេះ ហើយការធ្វើនេះ គឺដើម្បីអបអរសាទរខួប លើកទី៦៥ឆ្នាំ នៃការបង្កើតចំណងការទូតរវាងកម្ពុជា-ចិន, ដើម្បីលើកកម្ពស់សមត្ថភាព,ការផ្លាស់ប្តូរបទពិសោធន៍ក្នុងកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាល, ប្រតិបត្តិការសង្រ្គោះគ្រោះមហន្តរាយ និងជំងឺឆ្លងផ្សេងៗឲ្យប្រកបដោយប្រសិទ្ធភាពជាដើម។
សមយុទ្ធរវាងកងទ័ពកម្ពុជា-ចិនជា លើកដំបូង ផ្នែកសុខាភិបាលនេះ ភាគីទាំងពីរបានកំណត់យកប្រធានបទ «ប្រតិបត្តិការសង្គ្រោះសុខាភិបាល មនុស្សធម៌អន្តរជាតិរួមគ្នា នៅតំបន់គ្រោះមហន្តរាយ ខ្យល់ព្យុះ និងទឹកជំនន់ធ្ងន់ធ្ងរ»ជាដើម។ សមយុទ្ធនេះនឹងធ្វើនៅទីតាំងផ្សេងគ្នា ដោយក្នុងនោះនៅទីកន្លែងបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក(អតីតកងពលតូច 911) នៅមន្ទីរពេទ្យព្រះកេតុមាលា នៅព្រលានយន្តហោះយោធា និងនៅមន្ទីរពេទ្យយោធភូមិភាគទី៤ ខេត្តសៀមរាប។
ក្រៅពីធ្វើសមយុទ្ធសុខាភិបាលរួមគ្នាជាមួយកងទ័ពកម្ពុជានោះ កងទ័ពរំដោះប្រជាជនចិនក៏នឹង មានគម្រោងធ្វើកិច្ចការមនុស្សធម៌ដល់បងប្អូនប្រជាពលរដ្ឋខ្មែរផងដែរ ដោយកិច្ចការមនុស្សធម៌នេះនឹងចុះព្យាបាលជំងឺដល់បងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ និងនៅមន្ទីរពេទ្យយោធភូមិភាគទី៤ ខេត្តសៀមរាប៕