អឿន ម៉ូលីកា ត្រូវផ្ដន្ទាទោស ២សំណុំរឿងដាក់ពន្ធនាគារ៣ឆ្នាំ៦ខែ

ភ្នំពេញ៖ មេតុងទីនល្បីឈ្មោះ អឿន ម៉ូលីកា ភេទស្រី អាយុ២៧ឆ្នាំ ត្រូវបានលោក ពេជ្រ វិជ្ជាធរ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ និងលោក វង្ស សាវ៉ាត ជាតំណាងអយ្យការបានប្រកាសសាលក្រមផ្តន្ទាទោសសំណុំរឿងទី១ ដាក់ពន្ធនាគារចំនួន១៨ខែ សងសំណងទៅបណ្តឹង៦៥០០ដុល្លារ ជំងឺចិត្ត១០លានរៀល និងសំណុំរឿងទី២ ដាក់ពន្ធនាគារចំនួន២ឆ្នាំសងសំណងទៅបណ្តឹង៣០ ម៉ឺនដុល្លារ ជំងឺចិត្ត២០លានរៀល ពីបទ មិនបំពេញកតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ចេញសែកស្អុយ) កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ។

សូមរំលឹកថា កាលពីល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ជនត្រូវចោទឈ្មោះ អឿន ម៉ូលីកា ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារព្រៃស ម២ ជាបណ្ដោះអាសន្ន ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ចេញសែកស្អុយ) ៧០ម៉ឺនដុល្លារប្រព្រឹត្តនៅរាជធានីភ្នំពេញ។

លោកស្រី ទិត ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ  បានចេញដីកាបង្គាប់ឱ្យឃុំបណ្តោះអាសន្នបានឲ្យដឹងថា ជនត្រូវចោទមានឈ្មោះ អឿន ម៉ូលីកា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរជាអ្នករកស៊ី មានទីលំនៅផ្ទះលេខ១០ ផ្លូវលេខ បុរីវ៉ារីណា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ  ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ ”មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន” តាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាននិងប្រតិបត្តិការទូរទាត់ប្រាក់។

ជនជាប់ចោទឈ្មោះ អឿន ម៉ូលីកា ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួនកាលពីថ្ងៃទី១៤ខែធ្នូ ឆ្នាំ ២០២២ តាមដីការរបស់តុលាការ ៕