មហាសេដ្ឋីទ្រព្យជាង 15 ពាន់លានដុល្លារថា គួរតែរក្សាសាច់ប្រាក់ជាបណ្ដោះអាសន្នសិន
មហាសេដ្ឋី Ray Dalio ដែលបច្ចុប្បន្នមានទ្រព្យជាង 15 ពាន់លានដុល្លារ យល់ថា នៅក្នុងស្ថានភាពដែលមានការព្រួយបារម្ភអំពីការប្រាក់ និងអតិផរណាចេះតែកើនឡើង អ្នកវិនិយោគគួរតែរក្សាសាច់ប្រាក់ក្នុងដៃជាបណ្ដោះអាសន្នសិន។
នៅក្នុងព្រឹត្តិការណ៍មួយរបស់វិទ្យាស្ថាន Milken ដែលធ្វើឡើងនៅសឹង្ហបុរី កាលពីថ្ងៃទី 14 កញ្ញា 2023 ទស្សនិកជនបានសួរ លោក Ray Dalio ថា «លោកនឹងបណ្ដាក់ទុនបែបណានៅក្នុងស្ថានការណ៍បច្ចុប្បន្ន?» មហាសេដ្ឋីអាមេរិក លោក Ray Dalio ដែលជាស្ថាបនិកនៃមូលនិធិការពារហានិភ័យ Bridgewater Associates បានឆ្លើយថា «ខ្ញុំមិនចង់ទិញមូលបត្របំណុល និងទ្រព្យប្រហាក់ប្រហែលនេះនោះទេ។ ក្នុងកាលៈទេសៈនេះ ខ្ញុំគិតថា យើងគួរតែរក្សាសាច់ប្រាក់ជាបណ្ដោះអាសន្ន»។
ការយល់ឃើញនេះត្រូវបានលើកឡើងក្នុងគ្រា ដែលអត្រាការប្រាក់មូលបត្របំណុលនៅរតនាគារអាមេរិកប្រភេទ 30 ឆ្នាំ បានកើនឡើងដល់ 5% ហើយអ្នកវិនិយោគអាចទទួលបានអត្រាចំណេញ 4% ពីសញ្ញាប័ណ្ណ ក៏ដូចជាគណនីបញ្ញើសន្សំ។
មហាសេដ្ឋីខាងលើបន្តថា កំហុសធំបំផុតដែលអ្នកវិនិយោគស្ទើរតែទាំងអស់ជួបប្រទះគឺ «ជឿថា ទីផ្សារដែលដំណើរការល្អគឺជាខ្ទង់វិនិយោគដែលមានប្រសិទ្ធភាពបំផុត មិនមែនថ្លៃបំផុត»។ ជាងនេះ លោកក៏បានអះអាងថា មូលបត្របំណុលរយៈកាលយូរគឺជាខ្ទង់វិនិយោគដែលមិនគួរឱ្យចាប់អារម្មណ៍ ក្នុងកាលៈទេសៈបច្ចុប្បន្ន៕