សម្ដេចធិបតី លើកទឹកចិត្តពលរដ្ឋយកកូនច្រើន ព្រោះរបាយការណ៍កំណើនមនុស្សចាស់នៅឆ្នាំ២០៥០
តាកែវ៖ សម្ដេចធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានប្រកាសជំរុញលើកទឹកចិត្តឱ្យពលរដ្ឋទាំងទីក្រុង និងជនបទ ពិចារណាបង្កើនចំនួនកូនក្នុងគ្រួសារឱ្យបានលើសពី៣នាក់ ជាពិសេសសម្រាប់គ្រួសារដែលមានប្ដីប្រពន្ធពេញកម្លាំង និងមានលទ្ធភាព។ ការបញ្ជាក់នេះ បានធ្វើឡើងបន្ទាប់ពីសម្ដេចទទួលរបាយការណ៍មួយពីក្រសួងផែនការ ដែលអះអាងថាអាត្រាមនុស្សចាស់នៅកម្ពុជានឹងមានកំណើននៅឆ្នាំ២០៥០ ដ្បិតបច្ចុប្បន្នពលរដ្ឋនៅតំបន់ទីក្រុងមានអត្រាយកកូនក្រោម២នាក់ ឬគិតជាមធ្យម១កន្លះ។
នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយពលរដ្ឋជាកម្មករ កម្មការិនី ខេត្តតាកែវ សម្ដេចធិបតី បានមានប្រសាសន៍ថា«ក្រសួងផែនការបានរាយការណ៍ថាតាមការព្យាករណ៍ ប្រទេសកម្ពុជាយើងនឹងក្លាយជាប្រទេសមនុស្សចាស់នៅឆ្នាំ២០៥០។ ខ្ញុំថានៅតែ២៧ឆ្នាំទៀតទេ ហើយ២០៥០ ជាឆ្នាំយើងដាក់គោលដៅក្លាយជាប្រទេសអ្នកមាន។ អ៊ីចឹងកុំឱ្យដល់ពេលហ្នុងកុំឱ្យពលរដ្ឋយើងមានចាស់ច្រើនជាងក្មេង។ ត្រូវពិនិត្យទិន្នន័យឡើងវិញ ហើយបើវាប្រាកដប្រជា យើងត្រូវគិតគូពីក្របខណ្ឌគោលនយោបាយប្រជាសាស្រ្តឡើងវិញ»។
សម្ដេចបញ្ជាក់ថាក្នុងរយៈពេល២៧ឆ្នាំខាងមុខ មិនមែនជាពេលវេលាយូទេ ហើយកម្ពុជាត្រូវការធានាកម្លាំងពលកកម្មពេញកម្លាំង ទើបអាចរក្សាស្ថានភាពរីកចម្រើនបានទៅមុខយូរឆ្នាំ។ ពីវេទិកាអធិបតីនោះដែរ សម្ដេចធិបតី ក៏បានរម្លឹកពីករណីកំណើនមនុស្សចាស់នៅប្រទេសចិន សង្ហបុរី ជប៉ុន ជាដើម។ សម្ដេចបញ្ជាក់ថាប្រសិនបើត្រូវបង្កើនចំនួនប្រជាជន គឺត្រូវចាប់ផ្ដើមពីពេលនេះទៅ ដោយមិនរង់ចាំឆ្នាំ២០៥០នោះទេ ពីព្រោះនៅឆ្នាំនោះ សម្ដេចជឿថាពលរដ្ឋនឹងកាន់តែបន្ថយអត្រាយកកូនច្រើន ទោះបីជារដ្ឋមានគោលនយោបាយលើកទឹកចិត្តក៏ដោយ។
សូមរំលឹកថាសម្ដេចក្រឡាហោម ស ខេង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋយកកូនជាមធ្យម៥នាក់ ក្នុងមួយគ្រួសារ ដើម្បីអាចធ្វើឱ្យចំនួនប្រជាពលដ្ឋកម្ពុជាកើនឡើងទ្វេដងដល់ជាង៣២លាននាក់ ដោយសារទឹកដីកម្ពុជានៅធំ។ សម្ដេចបញ្ជាក់ថាប្រទេសមួយចំនួន នៅលើពិភពលោកគេចាប់ផ្តើមភ័យពីរឿងការមិនមានកំណើនចំនួនប្រជាជនជាពិសេសប្រទេសដែលមានសេដ្ឋកិច្ចជីវភាពរស់នៅរីកលូតលាស់ ធ្វើឲ្យមនុស្ស មួយចំនួនមិនចង់បានកូនដោយសារតែពួកគេរវល់ប្រកបការងារ៕