ព្រះសង្ឃរងរបួសធ្ងន់ ទំនាស់ពាក្យសម្តី កូនសិស្សលោក
ហេតុអ្វីបានទៅប្រព្រឹត្តិអំពើរបែបនេះ?
កំពង់ធំ៖ ការទាស់ពាក្យសម្តី កូនសិស្សលោកម្នាក់ជាមួយព្រះសង្ឃ ហើយឈានដល់ទាញកាំបិតកាប់ បណ្តាលឱ្យព្រះសង្ឃរងរបួសធ្ងន់រួចបញ្ជូនទៅពេទ្យ ឯកូនសិស្សព្យាយាមរត់គេចខ្លួន បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២រំលងអធ្រាត្រចូលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ នៅក្នុងវត្តស្ពឺជើង ភូមិម្សាក្រងជើង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ផ្អើលសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួនបាននៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។
ឈ្មោះ មី ម៉ៃ ភេទប្រុស អាយុ២០ឆ្នាំ ជាកូនសិស្សលោក ក្លាយជាជនសង្ស័យ នៅវត្តកើតហេតុខាងលើ មានទីលំនៅភូមិដូនល្អ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។ ចំណែកព្រះសង្ឃរងគ្រោះ ព្រះនាម ផាន សុភាក់ ព្រះជន្ម៣២ព្រះវស្សា រងរបួសចំកញ្ចឹងក២កាំបិត ដៃ១កាំបិត និងកំភួនជើងមួយកាំបិត។
នៅវេលាម៉ោងខាងលើ ជនសង្ស័យមានទំនាស់សម្តីជាមួយព្រះសង្ឃ ឈានដល់ទាញបានកាំបិតកាប់លើព្រះសង្ឃអង្គខាងលើបណ្តាលឱ្យរងរបួសធ្ងន់ ហើយរត់គេចខ្លួន នេះយោងតាមសមត្ថកិច្ចបានឱ្យដឹង។
ព្រះសង្ឃរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្ទោង ហើយសមត្ថកិច្ចចុះទៅអន្តរាគមន៍ ស្រាវជ្រាវ រហូតដល់ព្រឹកថ្ងៃទីតាមចាប់ឃាត់ខ្លួនបាន នាំទៅសាកសួរនៅអធិការដ្ឋានស្រុកដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕