ដល់សហរដ្ឋអាមេរិកភ្លាម លោក Zelenskyy ជួបជាមួយលោក Biden និងចូលរួមប្រជុំUNថ្ងៃនេះ

អាមេរិក៖  ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃចន្ទបានទៅដល់ទីក្រុង New York មុនសុន្ទរកថា នៅមហាសន្និបាតអង្គការសហប្រជាជាតិ និងជួបលោកប្រធានាធិបតីអាមេរិក Joe Bidenសម្រាប់ជំនួបពិភាក្សានានា ព្រមទាំងក្រុមមេដឹកនាំសភានិងគណបក្សនានា មេដឹកនាំយោធា ធុរកិច្ចជនសហដ្ឋអាមេរិក អ្នកសារព័ត៌មាន និងសមាជិកនៃសហគមន៍អ៊ុយក្រែន។

លោក Zelensky  បានធ្វើដំណើរទស្សនកិច្ចជាលើកទី២របស់លោក ទៅកាន់សហរដ្ឋអាមេរិក ដែលបានផ្គត់ផ្គង់អាវុធឲ្យទីក្រុងគីវ(Kyiv)ប្រយុទ្ធជាមួយរុស្ស៊ី ចាប់តាំងពីការវាយលុករបស់ក្រុងមូស្គូ កាលពីខែកុម្ភៈឆ្នាំមុន។

នៅលើបណ្ដាញសង្គម X  លោក Zelensky បាននិយាយ សំដៅដល់ការធ្វើដំណើរជាមួយភរិយារបស់លោក ថា លោកស្រី Olena Zelenska និងខ្ញុំបានមកដល់ទឹកដីសហរដ្ឋអាមេរិក ហើយសម្រាប់ជំនួបជាន់ខ្ពស់រយៈពេលមួយសប្ដាហ៍របស់មហាសន្និបាតអង្គការសហប្រជាជាតិ និងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Washington DC។

គេព្យាករណ៍ថា លោក Zelensky នឹងថ្លែងនៅអង្គមហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃអង្គារនេះ ។ លោក Volodymyr Zelenskiy បានជួបទាហានអ៊ុយក្រែន ដែលរងរបួសនៅមន្ទីរពេទ្យទីក្រុង New York កាលពីថ្ងៃចន្ទទី១៨ កញ្ញា មុនការថ្លែងសុន្ទរកថារបស់លោកទៅកាន់បណ្ដាមេដឹកនាំនៅអង្គការសហប្រជាជាតិ៕