កម្មករជំនាញជាង២៧ម៉ឺននាក់ បានបណ្តុះបណ្តាល ក្រោមក្រសួងការងារ នា៥ឆ្នាំកន្លងមកនេះ
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ បានបណ្តុះបណ្តាលកម្លាំងជំនាញវិជ្ជាជីវៈបានចំនួនជាង ២៧ម៉ឺននាក់ ដើម្បីចាក់បញ្ចូលក្នុងតម្រូវការទីផ្សារដ៏ទូលំទូលាយ។
របាយការណ៍បានបង្ហាញ ស្របពេលដែលរដ្ឋាភិបាលដាក់ផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន ១,៥លាននាក់ ដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះនៅទូទាំងប្រទេសកម្ពុជាក្នុងអាណត្តិទី៧នេះ។
របាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញថា កំលាំងពលកម្មជំនាញ ដែលបានបញ្ចប់ការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ យ៉ាងតិចឬស្មើកម្រិតវិញ្ញាបនបត្របច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លី មានចំនួន ២៧ម៉ឺននាក់ ចំនួននេះចន្លោះឆ្នាំ២០១៨-២០២២។
សម្រាប់ឆ្នាំ២០២២ កម្លាំងពលកម្មជំនាញដែលបានបញ្ចប់ការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ មានប្រុសចំនួន ៥៣,៧២៣នាក់ ក្នុងនោះមានការកើនឡើង ៥,៩៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ មានចំនួន ៥០,៦៩០នាក់។ ដោយឡែក ចំនួនសិស្សស្រីវិញ មានចំនួន ១៩,៩៤៩នាក់ ក្នុងនោះមានការថយចុះ ៩,១២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ មានចំនួន ២១,៩៥២នាក់។
ទន្ទឹមគ្នានេះ ចំនួនសិស្សបញ្ចប់ការបណ្តុះបណ្តាល កម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត ១,២ និង ៣ ក្នុងឆ្នាំ ២០២២ មានចំនួន ១៦,៧១៩ នាក់ ក្នុងនោះមានកើនឡើង ៦,៦៦ ភាគរយបើប្រៀបនឹងរយៈពេលឆ្នាំ ២០២១ មានចំនួន ១៥,៦៧៤ នាក់។ ទន្ទឹមនឹងនេះ ចំនួនសិស្សបញ្ចប់ការបណ្តុះបណ្តាលកម្រិតចាប់ពីសញ្ញាបត្រជាន់ខ្ពស់ / បរិញ្ញាបត្ររងបច្ចេកទេស ឬឯកទេស ក្នុងឆ្នាំ២០២២ មានចំនួន ១២, ២៦៩នាក់ ក្នុងនោះមានការកើនឡើង ២៤,៨២ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០២១ មានចំនួន ៩,៨២៩នាក់៕