កសិករថៃមានក្តីសង្ឃឹមចំពោះការជាប់បំណុល និងជួបគ្រោះរាំងស្ងួត បន្ទាប់ពីតម្លៃស្រូវ-អង្ករហក់ឡើងខ្ពស់

ថៃ៖ បន្ទាប់ពីបំរាមនាំចេញស្រូវ-អង្កររបស់ប្រទេសឥណ្ឌា ជាពេលដែលការផ្គត់ផ្គង់ស្រូវ-អង្ករ កាន់តែលំបាកខ្លាំង ក្រុមកសិករនៅក្នុងប្រទេសថៃ នាំគ្នាប្រញាប់ប្រញាល់បង្កើនការផលិតស្រូវរបស់ខ្លួន ដើម្បីយកគុណសម្បត្តិពីតម្លៃស្រូវ-អង្ករហក់ឡើងខ្ពស់នៅលើទីផ្សារសកលោក។

ក្រុមប្រជាកសិករនៅខេត្តឆៃណាត ធ្វើការយ៉ាងប្រញាប់ប្រញាល់ទាំងថ្ងៃក្តៅកាលពីអំឡុងខែសីហា ដែលមានចម្ងាយប្រហែល ២០០គ.មភាគខាងជើងទីក្រុងបាងកក បានភ្ជួររាស់ដីស្រែដែលប្រមូលផលរួចកាលពីឆ្នាំមុន ដើម្បីរៀបចំធ្វើស្រែថ្មី។

តាមទម្លាប់ មានការធ្វើស្រែ ២រដូវក្នុង១ឆ្នាំ ហើយនៅពាក់កណ្តាលឆ្នាំ ប្រជាកសិករពុំបានស្ទូងស្រូវនោះទេ ដើម្បីរក្សាទឹក។ ទោះបីជាយ៉ាងណាក៏ដោយ នៅឆ្នាំនេះ អ្នកស្រី Sripai Kaeo-eam អាចធ្វើស្រែលើកទី ៣បាន ដើម្បីបង្កើនផលិតផលស្រូវ។

កសិកររស់នៅខេត្តភាគកណ្តាលឆៃណាត អ្នកស្រី Sripai  បាននិយាយថា បច្ចុប្បន្នខ្ញុំសង្ឃឹមថានឹងលក់ស្រូវបានតម្លៃពី ១ម៉ឺនបាតទៅ ២ម៉ឺនបាតក្នុង១តោន។ បន្ថែមពីនេះអ្នកស្រីបន្តថា នោះហើយគឺជាហេតុផលដែលពួកយើងប្រញាប់ប្រញាល់ស្ទូងស្រូវបែបនេះ។ ពួកយើងជាកសិករ ចេះជួយគ្នាទៅវិញទៅមក ពេលពួកយើងមមាញឹកខ្លាំង។

អង្គការកសិកម្ម និងស្បៀងអាហារ  សន្ទស្សន៍តម្លៃស្រូវ-អង្ករ ឃើញកើនឡើង ៩,៨ភាគរយក្នុងខែសីហា ឆ្នាំ ២០២៣ ធ្វើឲ្យប្រជាកសិករប្រញាប់ប្រញាល់ធ្វើស្រែនៅក្នុងប្រទេសថៃ ដែលជាប្រទេសនាំចេញស្រូវ-អង្ករធំជាងគេបំផុតលំដាប់ទី ២របស់ពិភពលោក៕