សម្ដេចតេជោ អបអសាទរ រមណីយដ្ឋានប្រាសាទកោះកេរ បានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កាលពីរសៀលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៣នេះ បាន សម្តែងការអបអសាទរយ៉ាងក្រៃលែងជាទីបំផុតក្នុងឱកាស គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្រេចបញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ របស់ខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅវេលាម៉ោង ១២៖២៨នាទី នៅទីក្រុងរីយ៉ាដ ត្រូវនឹងម៉ោង១៖២៨នាទី នៅរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។
សម្ដេចតេជោថ្លែងថា៖«ខ្ញុំសូមថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាល ក្រសួង និងស្ថាប័នពាក់ពន្ធ័ទាំងអស់ដែលបានជួយជ្រោមជ្រែងលើការងារនេះ រហូតសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់ជូនជាតិ មាតុភូមិ»។
សម្ដេចតេជៅបញ្ជាក់ថា រមណីយដ្ឋានប្រាសាទកោះកេរ ជាអតីតរាជធានីរបស់ខ្មែរ ដែលស្ថិតក្នុងរាជព្រះបាទជ័យវម៌្មទេវទី ៤ ក្នុងកំឡុងស.វ.ទី១០ ក្នុងឆ្នាំ ៩២៨ រហូតដល់ឆ្នាំ ៩៤១ នៃគ.ស៕