ឆ្នេរ Bondi ប្រជាជនអូស្ត្រាលីនាំគ្នាកកកុញ ខណៈរលកកម្ដៅនៅដើមនិទាឃរដូវ ឡើងខ្ពស់
អូស្ត្រាលី៖ អាកាសធាតុ បានឡើងក្ដៅខ្លាំង សម្រាប់ផ្នែកខ្លះនៃភាគខាងកើតប្រទេសអូស្ត្រាលី កាលពីថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ ខណៈរលកកម្ដៅ បានចាប់ផ្ដើមមកដល់ ពោលគឺមានរយៈពេល ២សប្ដាហ៍ បន្ទាប់ពីការបញ្ចប់នូវរដូវរងាដ៏ក្តៅបំផុតរបស់ប្រទេសនេះ ក្នុងប្រវត្តិសាស្ត្រ។
រលកកម្ដៅ ដែលត្រូវបានគេរំពឹងថា នឹងបន្តរហូតដល់ថ្ងៃពុធ (ថ្ងៃទី២០ ខែកញ្ញា) ត្រូវបានគេព្យាករថា នឹងឡើងដល់ទៅជាង ៣០អង្សាសេ នៅទីក្រុងស៊ីដនី ដែលយ៉ាងហោចណាស់ឡើង ១០អង្សាសេ លើសពីកម្រិតមធ្យម។
ការឡើងកម្ដៅ បានកើតមាន នៅមួយថ្ងៃមុនការរត់ប្រណាំងម៉ារ៉ាតុងទីក្រុងស៊ីដនី ដោយមនុស្សជាច្រើនមានក្ដីបារម្ភអំពីផលប៉ះពាល់នៃអាកាសធាតុ និងគុណភាពខ្យល់មិនល្អពីកម្ដៅដ៏ហួតហែង ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកចូលរួមចំនួន ៤២.០០០នាក់។
ជាមួយគ្នានេះ អាជ្ញាធរ ក៏បានបង្កើនការព្រមានកម្រិតខ្ពស់ផងដែរ អំពីគ្រោះអគ្គិភ័យ សម្រាប់ទីក្រុងស៊ីដនី និងតំបន់ នៅជុំវិញ៕