អគ្គនាយកដ្ឋានពន្ធដារ៖ សាររំលឹកម្ចាស់យានយន្ត មិនទាន់បង់ពន្ធ ឆ្នាំ២០២៣ ទៅបង់ពន្ធទាន់ពេល

ភ្នំពេញ៖ ការផុតកំណត់ កាតព្វកិច្ចពន្ធលើមធ្យោបាយដឹកជញ្ជូន ឆ្នាំ២០២៣ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានក្រើនរំលឹកម្ចាស់យានយន្តទាំងអស់ មិនទាន់បំពេញ អញ្ជើញទៅបង់ពន្ធ ឲ្យទាន់ពេលវេលា ។

តាមរយៈសេចក្ដីជូនដំណឹង នាថ្ងៃទី១៥ កញ្ញា អគ្គនាយកដ្ឋានពន្ធដារ បានសង្កេតឃើញថា ម្ចាស់យានយន្តមួយ ចំនួនបានប្រកាសបង់ពន្ធរួចរាល់ ខណៈម្ចាស់យានយន្តមួយចំនួនទៀត នៅមិនទាន់បានបង់ ពន្ធនៅឡើយ។

អគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា «សូមក្រើនរំលឹក ដល់ម្ចាស់យានយន្តទាំងអស់ ដែលមិនទាន់បានបំពេញ កាតព្វកិច្ចបង់ពន្ធមេត្តារួសរាន់ អញ្ជើញមកដាក់លិខិត ប្រកាសបង់ពន្ធឲ្យបានទាន់ពេលវេលា ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយភ្ជាប់មក ជាមួយនូវ អត្តសញ្ញាណបណ្ណ បណ្ណសម្គាល់យានយន្ត និងវិញ្ញាបនបត្រត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត ដែលចេញដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន»។

ដោយឡែក យានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារ សហប្រតិបត្តិការបច្ចេកទេស របស់រដ្ឋាភិបាលនានា ត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវលតាបត្រ បង់ពន្ធ (ពន្ធជាបន្ទុករបស់រដ្ឋ)។ ចំពោះយានយន្តរបស់ក្រសួង-ស្ថាប័ន ឬអង្គភាពដែលត្រូវទទួលបានលតាបត្រពន្ធលើ មធ្យោបាយដឹកជញ្ជូន(ពន្ធជាបន្ទុករបស់រដ្ឋ ឬបង់តាមអាណត្តិបើកប្រាក់) ត្រូវភ្ជាប់មកជាមួយនូវបញ្ជីសារពើភណ្ឌយានយន្ត ទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ) ដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

អគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា ក្នុងករណីខកខានមិនបានបង់ពន្ធ ទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់យានយន្តនឹង ត្រូវទទួលរងនូវពន្ធបន្ថែម ចំពោះការយឺតយ៉ាវ តាមច្បាប់ ស្តីពីសារពើពន្ធជាធរមាន ។

អគ្គនាយកដ្ឋានពន្ធដារ នឹងសហការជាមួយអាជ្ញាធរមាន សមត្ថកិច្ច ជាពិសេសនគរបាលចរាចរណ៍ និងកងរាជអាវុធហត្ថ ដើម្បីចុះត្រួតពិនិត្យការ អនុវត្តប្រមូលពន្ធនេះ នៅតាមដងផ្លូវនានា បន្ទាប់ពីបិទបញ្ចប់ការប្រមូលពន្ធ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ៕