តោះរៀនធ្វើ នំពុម្ពខ្មែរយើង!
ក្មេងៗធ្លាប់ឆ្លងកាត់ជំនាន់ឆ្នាំ៩០ជាង បានស្គាល់ច្បាស់ពីនំពុម្ភ ព្រោះឲ្យតែដើរទៅរៀនតាមផ្លូវត្រូវឈប់ទិញញុំសឹងតែរាល់ព្រឹកតែម្តង ដោយហេតុថាតម្លៃធូរថ្លៃ ហើយញុំឆាប់ឆ្អែត ជូនកាលវិញទិញ១នំ ចែកគ្នាញុំ២នាក់ក៏មានដែរ។ ដូច្នឹង ថ្ងៃនេះ ចង់រំលឹកអតីតកាលពីក្មេងៗ សាកល្បងរៀនធ្វើញុំខ្លួនឯង តោះបងប្អូនចង់ធ្វើញុំ?
គ្រឿងផ្សំ៖
– ម្សៅអង្ករ ៣៥០ក្រាម
– ម្សៅមី ៣ស្លាបព្រាបាយ
– ស៊ុត ២គ្រាប់
– ខ្ទិះដូង ១ចានចង្កឹះ
– ស្ករស កន្លះចានចង្កឹះ
– សាច់ដូងកោស កន្លះចានចង្កឹះ
– អំបិល កន្លះស្លាបព្រាកាហ្វេ
– ប្រេងឆា
វិធីធ្វើ
១-មុនដំបូងយកម្សៅអង្ករមកលាយជាមួយ អំបិល និងម្សៅមី រួចច្របល់ចូលគ្នាឲ្យសព្វទុកមួយឡែកសិន។
២-យកចានធំមួយគោះស៊ុតដាក់ចូលវាយវាឲ្យបែកសិន បន្ទាប់មកដាក់ស្ករស រួចកូរចូលគ្នា។
៣-យកខ្ទិះដូងដាក់ចូលកូរចូលគ្នាឲ្យរលាយសព្វ ទើបយកម្សៅអង្ករដែលលាយទុកចាក់ចូល ជាមួយនិងសាច់ដូង។
៤-កូរចូលគ្នាឲ្យរលាយបានសព្វល្អ រួចហើយទុកវាប្រហែលជា ១០នាទីសិន។
៥-១០នាទីក្រោយមក យកពុម្ពមកដាក់លើភ្លើងរួចលាបប្រេងឆាទាំងសងខាងទុកឲ្យក្តៅសិន ទើបយកម្សៅចាក់ចូលក្នុងពុម្ពទុកឲ្យឆ្អិនទាំងសងខាងជាការស្រេច៕