ចិនមានសមត្ថភាពផលិតកប៉ាល់ អស្ចារ្យជាងអាមេរិក ២០០ដង

សហរដ្ឋអាមេរិក៖ ការ​បែក​ធ្លាយ​តាម​អ៊ីនធឺណិត ឯកសាររបស់ការិយាល័យចារកម្មកងទ័ពជើងទឹកសហរដ្ឋអាមេរិក (ONI)  បង្ហាញពីក្តីបារម្ភជុំវិញកងទ័ពជើងទឹកចិន ដែលកំពុង​ពង្រីក​ខ្លួន​យ៉ាង​ឆាប់​រហ័ស​ និងសមត្ថភាពដែលកំពុងបន្តរបស់ប្រទេសនេះ នៃការ​ផលិត​នាវា​ក្នុង​អត្រា​លឿន​ជាង​សហរដ្ឋ​អាមេរិករាប់រយដង។

អ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកសង្គ្រាមកងទ័ពជើងទឹក និងបច្ចេកវិទ្យា​ទំនើប​ក្នុង​មជ្ឈ​មណ្ឌលការពារជាតិ លោក Brent Sadler នៅមូលនិធិបេតិកភណ្ឌ របស់សហរដ្ឋអាមេរិក បាន​ប្រាប់​សារព័ត៌មាន​ Fox News ថា «ជនជាតិចិនមើលឃើញទសវត្សរ៍នេះថា ជាឱកាសយុទ្ធសាស្ត្រ ហើយ​ខ្ញុំ​មើល​មិនឃើញលទ្ធភាពណាមួយ ដែល​យើង​អាច​ចាប់​ផ្តើម​បិទ​គម្លាត​ដ៏​ធំ​នេះ​ជាមួយ​នឹង​ចិន​បាន​នោះទេ»។

លោក Sadler បានរអត្ថាធិប្បាយថា ការកើតឡើង​បន្ទាប់​ពី​រូបភាព​នៃ​ឯកសារ​របស់​ការិយាល័យ​ចារ​កម្ម​កង​ទ័ពជើងទឹក សម្រាប់ឯកសារទូទៅ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយក្នុងអ៊ីនធឺណិត។ រូបភាពដែលត្រូវបានលើកឡើងក្នុងរបាយការណ៍តំបន់សង្គ្រាមនោះ បង្ហាញ​ពី​សមត្ថភាព​ផលិត​កប៉ាល់​ដ៏​ធំរបស់ចិន បើធៀបនឹងសហរដ្ឋអាមេរិក។

យោងតាមឯកសារនោះបង្ហាញថា ទីតាំងផលិត​កប៉ាល់​របស់​ចិន​មាន​សមត្ថភាព​ផ្ទុក​ប្រហែល​២៣,២​លាន​តោន​ បើធៀបនឹងតួលេខតិចជាង១០០.០០០តោនប៉ុណ្ណោះរបស់សហរដ្ឋអាមេរិក ដែល​ធ្វើ​អោយ​សមត្ថភាព​ផលិតកប៉ាល់របស់ចិន មានកម្រិត២៣២ដងច្រើនជាងសហរដ្ឋអាមេរិកផងដែរ៕