អប្បរមា២១៥ដុល្លារ កម្មករស្នើឱ្យរដ្ឋាភិបាលដំឡើងប្រាក់ឈ្នួល នៅឆ្នាំ២០២៤
ភ្នំពេញ៖ ក្រុមកម្មករនិយោជិត ស្នើឱ្យរដ្ឋាភិបាលដំឡើងប្រាក់ឈ្នួលឱ្យបានយ៉ាងតិច២១៥ដុល្លារអាមេរិក នៅឆ្នាំ២០២៤ ខាងមុខ ដើម្បីសម្រួលជីវភាពគ្រួសារ ខណៈបច្ចុប្បន្នពួកគេទទួលបានប្រាក់ឈ្នួលអប្បបរមា២០០ដុល្លារអាមេរិក ស្របការចរចាប្រាក់ឈ្នួលកំពុងបន្ត។ ទន្ទឹមនេះ ពួកគេក៏សុំឱ្យរដ្ឋាភិបាលគិតគូរពីបញ្ហាអតិផរណា និងតម្លៃផ្ទះជួលផងដែរ។
ការចរចាប្រាក់ឈ្នួលអប្បបរមារបស់កម្មករក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ បានឈានចូលដល់ការដាក់សំណើតួលេខរវាងភាគីសហជីព និងនិយោជក។ ក្នុងនោះ ភាគីសហជីពទាមទារដំឡើង១៥ដុល្លារអាមេរិក តែភាគីនិយោជកថា មានលទ្ធភាពដំឡើងឱ្យកម្មករត្រឹម១ដុល្លារ បន្ថែមលើប្រាក់ឈ្នួលគោលបច្ចុប្បន្ន ដែលមានចំនួន២០០ដុល្លារអាមេរិក។
ស្របពេលការចរចាប្រាក់ឈ្នួលកំពុងបន្ត កម្មករមួយចំនួនបានធ្វើសកម្មភាពនានា អំពាវនាវឱ្យរដ្ឋាភិបាលជំរុញឱ្យពួកគេអាចទទួលបាន ប្រាក់ឈ្នួលអប្បបរមាចំនួន២១៥ដុល្លារ ក្នុងឆ្នាំ២០២៤ខាងមុខ។ ដ្បិតពួកគេ ទាមទារបែបនេះ ដោយអះអាងថា ដើម្បីដោះស្រាយជីវភាពគ្រួសារ ឆ្ពោះទៅរកជីវភាពសមរម្យ។
អ្នកស្រី ប៊ុន លាភ កម្មការិនីរោងចក្រកាត់ដេរមួយកន្លែង នៅសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ បានអំពាវនាវឱ្យក្រុមប្រឹក្សាប្រាក់ឈ្នួលអប្បរមាជួយដំឡើងប្រាក់ឈ្នួលឱ្យកម្មករចំនួន២១៥ដុល្លារដើម្បី ឱ្យអ្នកស្រី និងកម្មករទូទៅអាចដោះស្រាយការចំណាយជាប្រចាំ ខណៈអ្នកស្រីក៏មានបន្ទុកបង់បំណុលធនាគារផងដែរ។
«យើងបង់ធនាគារផង ចាយវាយលើផ្ទះជួល ម្ហួប ថ្លៃ …ចាយវាយចំណាយច្រើន»។
លើបញ្ហានេះ អ្នកស្រី សំ ស្រីមុំ អគ្គហិរញ្ញឹកសហព័ន្ធសហជីពសេរីកម្មករ លើកឡើងថាបច្ចុប្បន្នប្រាក់ឈ្នួលរបស់កម្មករនិយោជិតមិនទាន់អាចផ្គត់ផ្គង់ឱ្យពួកគេអាចរស់នៅបានសមរម្យនៅឡើយ។ ដូច្នេះក្នុងនាមតំណាងឱ្យកម្មករនិយោជិត សហព័ន្ធសហជីពសេរីកម្មករ អំពាវនាវឱ្យរដ្ឋាភិបាលជួយធ្វើយ៉ាងណាឱ្យកម្មករទទួលបានប្រាក់ឈ្នួលយ៉ាងតិច២១៥ដុល្លារ។
«ដំឡើងប្រាក់ឈ្នួលកម្មករ២១៥ដុល្លារហ្នឹង ដើម្បីឱ្យគាត់ រស់នៅបានសមរម្យ ទ្រទ្រង់ទាំងសុខភាពគាត់ដែរ។ ហើយយើងឃើញថាការស្នើសុំនេះក៏មានអតិផរណាសម្រាប់កម្ពុជាក៏មាន ការដំឡើងរហូត។ អញ្ចឹងគិតថាការទាមទារប្រាក់ឈ្នួល ដំឡើងប្រាក់ឈ្នួលនេះ វាមិនមែនជាការហួសហេតុអីទេសម្រាប់កម្មករកម្ពុជា»។
ទន្ទឹមនឹងការទារទារសុំឱ្យមានការដំឡើងប្រាក់ឈ្នួលនេះ កម្មការិនី ប៊ុន លាភ ក៏បានស្នើ ឱ្យរដ្ឋាភិបាលពិចារណាពីបញ្ហាទំនិញឡើងថ្លៃ និងបញ្ហាតម្លៃផ្ទះជួលផងដែរ។
«ការជួលផ្ទះឥលូវគេចាំមើលប្រាក់ខែយើងសិន ចាស៎ គេចាំមើលប្រាក់ខែយើងសិន បានគេឡើងតាមប្រាក់ខែយើងដែរអញ្ចឹងណា៎។ ខ្ញុំអាចឱ្យសុំឱ្យក្រសួងកុំឡើងផ្ទះជួល កុំឡើងម្ហូបអាហារ បន្លែបន្លុកអីថ្លៃចឹងហា៎»។
អ្នកលក់ម្ហូបអាហារនៅខាងមុខរោងចក្រម្នាក់ គឺលោក នី បានឱ្យដឹងថា លោកបានឈប់ធ្វើការងាររោងចក្រមកលក់ម្ហូបអាហារជាង៥ឆ្នាំមកហើយ។ ប៉ុន្តែមួយរយៈចុងក្រោងនេះ លោកអះអាងថា អ្នកទិញដែលជាកម្មកររោងចក្រហាក់មានការថយចុះ។
«ថយៗជាងមុន..អត់ដឹងដែរ។…អ្នកទិញហូបឥលូវស្ងាត់ឈឹង បងមើលមានពីណា»។
ជារៀងរាល់ឆ្នាំ ក្រសួងការងារ តែងតែសម្របសម្រួល ជាមួយតំណាងកម្មករ សហជីព និងភាគីថៅកែក្រុមហ៊ុន ឱ្យមានការកំណត់ប្រាក់ឈ្នួលគោលសម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ។ ហើយប្រាក់ឈ្នួលក៏ត្រូវបានតំឡើងជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ២០២៣ ប្រាក់ឈ្នួលគោលអប្បបរមារបស់កម្មករនិយោជិតទទួលបាន២០០ដុល្លារអាមេរិកក្នុងមួយខែ។
កាលពីពេលថ្មីៗនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ខិតខំសម្របសម្រួលការពិភាក្សាប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ២០២៤ ដោយឈរលើលក្ខណៈវិទ្យាសាស្ត្រ និងលក្ខណៈវិនិច្ឆ័យ ដែលមានចែងក្នុងច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា ឱ្យបានមុនបុណ្យភ្ជុំបិណ្ឌ មិនថាដំឡើងប្រាក់ឈ្នួលកម្មករនិយោជិតបានតិច ឬច្រើនក្តី៕