ពិបាកជាងសុំភ្លើងយក្ស! ច្បាប់ទម្លាប់លើការសុំថតនៅតាមប្រាសាទខេត្តសៀមរាប
ជាផលិតករ និងអ្នកដឹកនាំសម្តែងភាពយន្ត លោក កៅ សីហា បានបង្ហាញការមិនសប្បាយចិត្ត និងធ្វើការរិះគន់ដល់អាជ្ញាធរ អប្សរា ពាក់ព័ន្ធការសុំច្បាប់ទម្លាប់ដើម្បីថតរូបធ្វើការផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ខ្មែរ។
លោក កៅ សីហា បានបញ្ជាក់ឲ្យដឹងពីអ្នកដឹកនាំសម្តែង បានបង្ហាញនូវអារម្មណ៍ផ្ទាល់ខ្លួនថា សម្រាប់ការសុំច្បាប់ទម្លាប់ថតនៅតាមប្រាសាទនានានៃទឹកដីខេត្តសៀមរាបអង្គរគឺ ពិបាកជាងសុំភ្លើងយក្សទៅទៀត។ ក្នុងនោះលោកលើកហេតុផលថា មិនថាតែជាផលិតករ ឬអ្នកសិល្បៈនោះឡើយ សូម្បីត្រឹមថត Pre-Wedding របស់សម្អាងការនានាក៏គាត់ហត់នឹងច្បាប់ទម្លាប់មួយនេះដែរ។
លោក កៅ សីហា លើកឡើងថា “រកឱកាស Live និយាយពីរឿងបញ្ហាច្បាប់ទម្លាប់ថតនៅតាមប្រាសាទនានានៅខេត្តសៀមរាប មិនថាតំបន់ប្រាសាទទេ តែតាមផ្លូវក៏ដោយឲ្យតែជាដី ក្នុងបរិវេណដែលគេរាប់ ចាត់ចូលជាកម្មសិទ្ធិរបស់អាជ្ញាធរអប្សរា គឺថាពិបាកជាងសុំ ភ្លើងយក្ខទៀត។ ខ្ញុំជួបនិងហែលឆ្លងរាប់មិនអស់គ្រប់លើក គ្រប់ពេលដែលចង់ថតនៅខេត្តសៀមរាបម្ដងៗ និយាយពីថាតឹង រឹងយាមកាមសួររកលិខិតស្នាម រត់ដេញតាមឯងសួរដេញដោលដកហូត memory card ពីក្នុងកាមេរ៉ាក៏មាន ឈរបញ្ជាឲ្យបង្ហាញរូបក្នុងកាមេរ៉ា ហើយឲ្យលុបចោលបើសិនជាថតបាន”។
លោកបន្តថា «តែណ្ហើយតឹងរឹងៗ ស្រាប់តែលេចធ្លែរមកជ្រងោៗរូបថតmodelបរទេសឈរ ថតស្រាតមានប្រុស មានស្រី ជាលក្ខណៈអាសអាភាសពេញបរិវេណប្រាសាទហើយរូបទាំងនោះ មិនមែនជាការលួចថត បែបប្រផឹតប្រផើយឡើយគឺជារូបថតបែបគុណភាព មាន ការវៃភ្លើងត្រឹមត្រូវប្រកបដោយស្តង់ដារ តើមានបងប្អូនណាចាំបានទេ កាលពី ៣-៤ ឆ្នាំមុននោះ? ហើយនរណាខ្លះបានចាំមតិបកស្រាយពីតំណាងអាជ្ញាធរអប្សរានាពេលនោះ?។ លោកថាមិនថាតែបងប្អូនជាផលិតករ ឬអ្នកសិល្បៈនោះឡើយ សូម្បីត្រឹមថត Pre-Weddingរបស់សម្អាងការនានាក៏គាត់ហត់នឹងច្បាប់ទម្លាប់មួយនេះដែរ»។
លោក កៅ សីហា និយាយទៀតថា «អាសូរកេរ្តិ៍មរតករបស់បុព្វបុរសខ្មែរដែលជាព្រលឹងជាតិណាស់វាហាក់ បីដូចជាកម្មសិទ្ធិផ្ដាច់មុខជាងវត្ថុដែលសាងឡើងដោយឯកជនភាពទៅទៀត។ បញ្ជាក់ខ្ញុំនៅមានសាក្សីរស់ ជាច្រើនអំពីដែលពួកគេ (មន្ត្រីអាជ្ញាធរអប្សរា ) រត់ដេញតាម និងដកហូត memoryបញ្ជាឲ្យលុបរូបថត ឬវីដេអូប្រសិនបើបានថត។ សាក្សីទាំងនោះមានដូចជា បងប្រុសឧកញ្ញា ព្រាប សុវត្ថិ , ញ៉ែម សុគន្ធ , Sitha C hum, ប៉ែន ចំរុង , Pov Lida Duch,Sophea , Me an Sonyta បង Chea Chhim រួមនឹងក្រុមការងារច្រើននាក់ទៀត»។
បន្ថែមពីនេះលោក កៅ សីហា និយាយដែរថា “អនុស្សាវរីយ៍ដ៏សែនជូរចត់ ខកចិត្តនៅ ឯប្រាសាទបាយ័នមួយនេះ ខ្ញុំជឿថាគ្រប់គ្នាមិនទាន់ភ្លេចនៅឡើយ ខណៈដែលយើងទៅថត ដើម្បីផ្ដិតយករូបភាពប្រាសាទនានាយកទៅបញ្ចូលក្នុង Clip Video នៃចម្រៀងតំណាងជាតិ តំណាងប្រទេស ផ្សព្វផ្សាយទៅកាន់ពិភពលោក នៅលើវេទិកាមួយក្នុងទីក្រុងតូក្យូប្រទេសជប៉ុន ដោយមានការចូលរួមពីបណ្ដាប្រទេសនានាជុំវិញពិភពលោក”៕