អាមេរិកប្រកួតប្រជែង ជាមួយចិន និងរុស្ស៊ី ជា​សញ្ញាបញ្ចប់សណ្ដាប់ ធ្នាប់ពិភពលោក

អាមេរិក លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយថា ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយរបស់អាមេរិកដែលកំពុងកើនឡើងជាមួយរុស្ស៊ី និងចិន គឺជាសញ្ញានៃការបញ្ចប់សណ្តាប់ធ្នាប់ពិភពលោក ក្រោយសង្គ្រាមត្រជាក់។

បើតាមកត់សម្គាល់លោក Blinken ថា “សណ្ដាប់ធ្នាប់ពិភពលោកដែលយើងកំពុងជួបប្រទះនៅពេលនេះ គឺកើតមានច្រើនជាង ក្រោយសង្គ្រាមត្រជាក់ទៅទៀត ។ អស់រយៈពេលជាច្រើនទសវត្សរ៍នៃស្ថិរភាពភូមិសាស្ត្រនយោបាយ បានត្រួសត្រាយផ្លូវដល់ការប្រកួតប្រជែងកាន់តែខ្លាំងជាមួយនឹងអំណាចផ្តាច់ការ និងអំណាចសេរី” ។

ការបញ្ជាក់បន្ថែមរបស់លោករដ្ឋមន្ត្រីថា “ប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះសណ្តាប់ធ្នាប់អន្តរជាតិ ។ ទន្ទឹមនឹងនោះ សាធារណរដ្ឋប្រជាមានិតចិន កំពុងបង្កបញ្ហាប្រឈមរយៈពេលដ៏វែង ព្រោះចិនមិនត្រឹមតែចង់រៀបចំសណ្តាប់ធ្នាប់អន្តរជាតិប៉ុណ្ណោះទេ ប្រទេសនេះក៏ចង់រៀបចំសេដ្ឋកិច្ច ការទូត និងអំណាចបច្ចេកវិទ្យាផងដែរ ។

ជាចុងក្រោយលោក Blinken បាន​អះអាង​ថា​ ​ទីក្រុង​ប៉េកាំង និង​ទីក្រុង​មូស្គូ​កំពុង​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ធ្វើ​ឲ្យ​ពិភពលោក​មាន​សុវត្ថិភាព​ជាង​មុន​សម្រាប់តែខ្លួនឯងប៉ុណ្ណោះ ដូច្នេះហើយទើបពិភពលោកជួបប្រទះនូវពេលវេលាដ៏លំបាកជាច្រើនរួមទាំង ការបញ្ចប់ និងចាប់ផ្ដើមយុគសម័យ ហើយលោក​យល់​ឃើញ​ថា ការ​សម្រេច​ចិត្ត​ដែល​នឹង​ត្រូវ​ធ្វើ​នៅ​ពេល​នេះ នឹង​កំណត់​អនាគត​រាប់​ទសវត្សរ៍ខាងមុខ ៕