បញ្ហាយោធា សង្គ្រាមអ៊ុយក្រែន និងផ្កាយរណប លោក ពូទីន និងលោក គីម លើកមកពិភាក្សាគ្នា
រុស្ស៊ី៖ លោក គីម ជុងអ៊ុន(Kim Jong Un) មេដឹកនាំកូរ៉េខាងជើង និង លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បានជួបគ្នាក្នុងកិច្ចប្រជុំកំពូលដ៏កម្រមួយកាលពីថ្ងៃពុធ ដែលមេដឹកនាំទាំង២ ពិភាក្សាគ្នាអំពីបញ្ហាយោធា សង្គ្រាមនៅអ៊ុយក្រែន និងជំនួយរបស់រុស្ស៊ីសម្រាប់កម្មវិធីផ្កាយរណបសម្ងាត់របស់រដ្ឋនេះ។
លោក ពូទីន បានបង្ហាញលោក គីម ជុំវិញមូលដ្ឋានបាញ់បង្ហោះរ៉ូកែតអវកាសទំនើបបំផុតរបស់រុស្ស៊ី នៅតំបន់ចុងបូព៌ាក្នុងទឹកដីរុស្ស៊ី និងបានពិភាក្សាអំពីលទ្ធភាពនៃការបញ្ជូនអវកាសយានិកកូរ៉េខាងជើងទៅកាន់ទីលំហ។ លោក គីម ដែលទៅដល់តាមរថភ្លើងពីកូរ៉េខាងជើង បានសួរសំណួរលម្អិតអំពីគ្រាប់រ៉ូកែត ខណៈលោក ពូទីន បង្ហាញរូបលោកនៅជុំវិញទីតាំងវ៉ូស្តូចឈ្នី កូស្មូដ្រូម(Vostochny Cosmodrome) ។
លោក ពូទីន វ័យ៧០ឆ្នាំ និងលោក គីម វ័យ ៣៩ឆ្នាំ បន្ទាប់ពីការទស្សនាតាមទីកន្លែងនានាក្នុងមូលដ្ឋាននេះរួច បានពិភាក្សាគ្នាជាច្រើនម៉ោងជាមួយរដ្ឋមន្ត្រីរបស់ប្រទេសទាំង២ ហើយបន្ទាប់មកបានពិភាក្សាអំពីកិច្ចការពិភពលោក និងផ្នែកដែលអាចធ្វើទៅបាននៃកិច្ចសហប្រតិបត្តិការមួយទល់នឹងមួយ អមដោយអាហារថ្ងៃត្រង់ដ៏សម្បូរបែបនៃនំប៉ាវ របស់រុស្ស៊ីរួមជាមួយ ក្តាម Kamchatka ហើយបន្ទាប់មក មានត្រី Sturgeon ជាមួយផ្សិតនិងដំឡូង។
លោក គីម បានលើកកែវស្រារុស្ស៊ីមួយកែវ ដើម្បីជូនពរលោកពូទីនឲ្យមានសុខភាពល្អ ជ័យជម្នះនៃ “រុស្ស៊ីដ៏អស្ចារ្យ” និងមិត្តភាពកូរ៉េ-រុស្ស៊ី ដោយព្យាករណ៍ថានឹងទទួលជ័យជម្នះសម្រាប់ទីក្រុងមូស្គូក្នុង “ការប្រយុទ្ធដ៏ពិសិដ្ឋ” ជាមួយលោកខាងលិចក្នុងសង្គ្រាមអ៊ុយក្រែន។
ក្រុមមន្ត្រីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានសម្តែងការព្រួយបារម្ភថា លោក គីម នឹងផ្តល់សព្វាវុធ និងគ្រាប់រំសេវដល់រុស្ស៊ី ដែលបានចំណាយយ៉ាងច្រើននៅក្នុងសង្គ្រាមជាង ១៨ ខែនៅអ៊ុយក្រែន៕