ការបញ្ចេញទឹកវិទ្យុសកម្ម ចេញពីរោងចក្រហ្វូគូស៊ីម៉ារបស់ជប៉ុន រុស្ស៊ីបារម្ភ

រុស្សី៖ កាលពីថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ប្រទេសរុស្ស៊ី បាននិយាយនេះ ថា ខ្លួនមានការព្រួយបារម្ភ ចំពោះការបញ្ចេញទឹកវិទ្យុសកម្មរបស់ប្រទេសជប៉ុនចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា (Fukushima) ដែលរងការបំផ្លិចបំផ្លាញ ហើយបានអំពាវនាវឲ្យទីក្រុងតូក្យូផ្តល់ព័ត៌មានលម្អិតអំពីដំណើរការនេះ។

គួរបញ្ជាក់ថា ប្រទេសជប៉ុនបានចាប់ផ្តើមបញ្ចេញទឹកមានសារធាតុវិទ្យុសកម្ម ដែលធ្វើប្រព្រឹត្តិកម្មរួចហើយពីរោងចក្រហ្វូគូស៊ីម៉ាចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក កាលពីខែមុន ហើយការធ្វើបែបនេះ បានប្រឈមនឹងការរិះគន់ឥតសំចៃពីប្រទេសចិន ដែលបានសម្រេចហាមឃាត់ការនាំចូលអាហារសមុទ្រគ្រប់យ៉ាងពីជប៉ុនភ្លាមៗ។

លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បាននិយាយថា មានការខ្វះខាតនូវតម្លាភាពពីទីក្រុងតូក្យូ ជុំវិញបញ្ហានេះ ដោយលោកស្រី Zakharova បានប្រាប់សារព័ត៌មានថា៖ «យើងមើលមិនឃើញពីតម្លាភាព ឬការបើកចំហណាមួយពីទីក្រុងតូក្យូនោះឡើយ»។

លោកស្រី Zakharova សង្ឃឹមថា ប្រទេសជប៉ុននឹងផ្តល់ព័ត៌មានលម្អិត និងផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រសំខាន់ៗទាំងអស់ដល់ប្រទេស ដែលមានក្ដីបារម្ភពីការបង្ហូរទឹក។

ទោះយ៉ាងណាក្ដី ប្រទេសជប៉ុន និយាយថា ការបញ្ចេញទឹកនេះ មានសុវត្ថិភាព ដោយកត់សម្គាល់ថា ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ក៏បានសន្និដ្ឋានដែរថា ផលប៉ះពាល់ ដែលទឹកនេះនឹងមានទៅលើមនុស្ស និងបរិស្ថាន គឺ «តិចតួចណាស់»៕