គ្រួសារ Lindemann នៅសហរដ្ឋអាមេរិក បានប្រគល់វត្ថុបុរាណខ្មែរចំនួន៣៣ មកកម្ពុជាវិញ

ភ្នំពេញ៖ សមុច្ច័យ វត្ថុបុរាណខ្មែរដ៏ល្អឯកមួយចំនួនទៀត នឹងត្រូវបញ្ចូនត្រឡប់មកកម្ពុជាវិញ យោងតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹង។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំរវាងក្រុមការងារកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយអនុលោមតាម អនុស្សារណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានបន្តសុពលភាពកាលពីខែសីហា ឆ្នាំ២០២៣ ថ្មីៗនេះ។

តាមរយៈការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ភាគខាងត្បូងនៃក្រុងញូវយ៉ក រដ្ឋាភិបាលសហរដ្ឋអាមេរិក (ហៅ កាត់ថា “USAO-SDNY” និងការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ (ហៅកាត់ថា “HSI”បានឈានដល់កិច្ចព្រមព្រៀងជាមួយអ្នកកាន់កាប់សមុច្ច័យឯកជន គឺគ្រួសារ Lindemann ទាក់ទងនឹងវត្ថុបុរាណខ្មែរចំនួន ៣៣។ ការិយាល័យ HSI សហការជាមួយ USAO-SDNY បានដកហូតរូបចម្លាក់ទាំងនេះពីគ្រួសារខាងលើ។

បដិមាព្រះវិស្ណុផ្ទុំ និងបដិមាអឌ្ឍនារីស្វរ/អធ៌នារីស្វរ (មួយចំហៀង ជាភេទប្រុស និងមួយចំហៀងជាភេទស្រី) ដែលគេជឿជាក់ថាវត្ថុបុរាណទាំងនេះ មានប្រភពមកពីប្រាសាទក្រចាប់ ស្ថិតក្នុងអតីតរាជធានី កោះកេរ ។

យោងតាមសាក្សី បានឱ្យដឹងថា រូបចម្លាក់ទាំងនេះត្រូវបានលួចយកចេញក្នុងទសវត្សរ៍១៩៩០ ជាប្រាសាទតែមួយ ដែលតម្កល់បដិមាព្រះឥសូរ និងព្រះស្កន្ទ និងបដិមាព្រះស្កន្ទគង់លើក្ងោក។

ក្នុងចំណោមវត្ថុដែលប្រគល់មកវិញនេះ ក៏មានចម្លាក់ទេពមួយអង្គ ដែលគេជឿថា ជាបដិមា ព្រះធូស្ថឡុមន៍ (មេទ័ពនៃបណ្ឌពក្សត្រ) ដែលមានប្រភពមកពីប្រាសាទចិន ក្នុងរមណីយដ្ឋានប្រាសាទកោះកេរផងដែរ៕