ដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើង ប្រជាជនរស្ស៊ី មានប្រតិកម្មផ្សេងគ្នា

រុស្ស៊ី៖ លោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានទៅដល់ប្រទេសរុស្ស៊ីហើយ នេះបើតាមសារព័ត៌មានជប៉ុនរាយការណ៍នៅថ្ងៃអង្គារ ទី១២ ខែកញ្ញានេះ ដោយតបតាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀ ពូទីន ដែលនាំឱ្យមានប្រតិកម្មផ្សេងគ្នាពីពលរដ្ឋទីក្រុងមូស្គូ និងប្រជាជននៅទីក្រុងវ្លាឌីវ៉ូស្តុក (Vladivostok) នៅចុងបូព៌ានៃប្រទេសរុស្ស៊ី។

អ្នកក្រុងវ្លាឌីវ៉ូស្តុក ជាច្រើនបាននិយាយថា ពួកគេមិនប្រាកដទេថា តើមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន នឹងទៅទស្សនាទីក្រុងមួយនេះ ប៉ុន្តែបាននិយាយថារុស្ស៊ី និងកូរ៉េខាងជើងមានផលប្រយោជន៍រួម។

អ្នករស់នៅទីក្រុងមូស្គូ ដោយមិនបានប្រាប់ឈ្មោះម្នាក់ បាននិយាយថា «ប្រសិនបើយើងគិតពីស្ថានភាពនេះ ដោយសំដៅដល់កិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងជើង និងរុស្ស៊ី តាមរបៀបត្រឹមត្រូវ យើងអាចទទួលបានអត្ថប្រយោជន៍ពីខាងក្រៅបន្ថែមទៀត»។

ជាមួយគ្នានោះដែរ អ្នកក្រុងមូស្គូម្នាក់ទៀតបាននិយាយថា «ខ្ញុំគិតថាវាជារឿងល្អ សម្រាប់ប្រទេសទាំងពីរក្នុងការអភិវឌ្ឍភាពជាដៃគូរបស់ពួកគេ។ ដូច្នេះខ្ញុំសូមស្វាគមន៍ជានិច្ច ដរាបណាអ្វីៗទាំងអស់ត្រូវបានធ្វើក្នុងលក្ខណៈមិត្តភាព»។

កូរ៉េខាងជើង គឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួន ដែលបានគាំទ្រដោយបើកចំហចំពោះ «ប្រតិបត្តិការយោធាពិសេស» របស់រុស្ស៊ីនៅអ៊ុយក្រែន ហើយលោកពូទីន បានសន្យាកាលពីសប្តាហ៍មុនថានឹង «ពង្រីកទំនាក់ទំនងទ្វេភាគីគ្រប់ផ្នែក តាមវិធីដែលបានគ្រោងទុកដោយកិច្ចខិតខំប្រឹងប្រែងរួមគ្នា» ផងដែរ៕