The Royal Government of the 7th Mandate with High Prestige, Promoting Trade and Rapidly on the Regional and International Stage
រាជរដ្ឋាភិបាលអាណត្តិទី៧ ជាមួយកិត្យានុភាព លើកស្ទួយយ៉ាងខ្ពស់ត្រដែត និងឆាប់រហ័សលើឆាកតំបន់ និងអន្តរជាតិ
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា វត្តមាន និងសកម្មភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅឯកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធចន្លោះពីថ្ងៃទី ៤ ដល់ទី ៧ ខែកញ្ញា ឆ្នាំ២០២៣ គឺជាវិញ្ញាសាសាកល្បងដ៏ធំ ដើម្បីវាស់ស្ទង់កម្រិតសមត្ថភាពដឹកនាំ និងចាត់ចែងរបស់នាយករដ្ឋមន្ត្រីវ័យក្មេង នៃកម្ពុជា ក្នុងវិស័យនយោបាយការទូតកម្រិតតំបន់ និងអន្តរជាតិ ខណៈដែលរាជរដ្ឋាភិបាលថ្មីទើបតែចាប់កំណើតឡើងត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះ។
សំណួរសំខាន់បំផុតនៅមុនកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងហ្សាការតា នោះគឺ តើនាយករដ្ឋមន្ត្រីថ្មីវ័យក្មេងរបស់កម្ពុជា មានសមត្ថភាពអាចប្រឈមក្នុងព្រឹត្តិការណ៍ដ៏ធំកម្រិតតំបន់ និងកម្រិតអន្តរជាតិនេះបានដែរឬទេ?
ទីបំផុតវិញ្ញាសាដ៏ធំមួយនេះត្រូវបានប្រមុខដឹកនាំរាជរដ្ឋាភិបាលបន្តវេនឆ្លងកាត់ដោយជោគជ័យហួសពីការរំពឹងទុក។ បេសកកម្មដ៏ធំ និងដំបូងបំផុតលើឆាកតំបន់ និងអន្តរជាតិរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកស្ទួយកិត្យានុភាពរបស់រាជរដ្ឋាភិបាលស្របច្បាប់ និងស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរឲ្យល្បីរន្ទឺលើឆាកតំបន់ និងអន្តរជាតិ។
ទី១-អំពីភាពស្របច្បាប់៖ រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា កើតឡើងដោយការបោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរី ពហុបក្ស ដែលមានគណបក្សចំនួន ១៨ ចូលរួម។ មានពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីអ្នកបោះឆ្នោតជាង ៨៤% បានទៅបោះឆ្នោតកាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ហើយក្នុងនោះជាង ៨២% បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។ ក្រោយការប្រកាសលទ្ធផល សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានព្រះមហាក្សត្រចាត់តាំងជានាយករដ្ឋមន្ត្រីតាមសំណើរបស់ប្រធានគណបក្សឈ្នះឆ្នោតស្របតាមមាត្រា១១៩(ថ្មី)២ នៃរដ្ឋធម្មនុញ្ញ។ នាយករដ្ឋមន្ត្រីចាត់តាំងក៏បានបង្កើតគណៈរដ្ឋមន្ត្រី ហើយត្រូវបានរដ្ឋសភាបោះឆ្នោតគាំទ្រជាឯកច្ឆ័ន្ទនៅថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៣។ នៅរសៀលថ្ងៃដដែល សមាជិករាជរដ្ឋាភិបាលទាំងអស់ក៏បានចូលធ្វើសច្ចាប្រណិធានក្នុងព្រះបរមរាជវាំង។ នេះគឺជាដំណើរការនីតិវិធីស្របតាមច្បាប់កម្ពុជាទាំងស្រុងដែលធ្វើឲ្យរាជរដ្ឋាភិបាលអាណត្តិទី៧ មានលក្ខណៈស្របច្បាប់យ៉ាងពេញលេញដោយមិនអាចប្រកែកបាន។
ទី២-អំពីកិត្យានុភាព នៃរាជរដ្ឋាភិបាលអាណត្តិទី៧៖ ចាប់តាំងពីក្រោយការជ្រើសតាំងសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សារអបអរសាទរពីសំណាក់ប្រទេសជាមិត្តបានធ្លាក់មកជាបន្តបន្ទាប់ពីគ្រប់ជ្រុងជ្រោយ នៃពិភពលោក។ រហូតមកទល់ពេលនេះ មានមេដឹកនាំបរទេសជាង ៥០ ប្រទេស និងស្ថាប័ន រាប់ទាំងប្រទេសមហាអំណាច និងអគ្គលេខាធិការអង្គការសហប្រជាជាតិផង បានបន្តផ្ញើសាអបអរសាទរដល់ សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា។ នៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅហ្សាការតា មេដឹកនាំអាស៊ានក៏ដូចជាមេដឹកនាំប្រទេសធំៗផ្សេងទៀត សុទ្ធតែបានសម្តែងការសាទរ និងស្វាគមន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា។ ម្យ៉ាងទៀត ការចូលរួមប្រជុំស្មើមុខមាត់គ្នាជាមួយប្រទេសដទៃគឺជាតម្លៃដែលប្រទេសក្នុងតំបន់ និងពិភពលោកផ្តល់ជូនកម្ពុជាក្នុងនាមជារាជរដ្ឋាភិបាលស្របច្បាប់ និងជារដ្ឋអធិបតេយ្យមួយដោយគ្មានអ្នកណាអាចកាឡៃបានឡើយ។
សរុបមកវិញ លើសពីភាពស្របច្បាប់ដែលខ្លួនទទួលបានយ៉ាងពេញលេញស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋ និងនីតិវិធីច្បាប់របស់កម្ពុជា កិត្យានុភាពរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានលើកស្ទួយយ៉ាងខ្ពស់ត្រដែត និងយ៉ាងឆាប់រហ័សនៅលើឆាកតំបន់ និងអន្តរជាតិ ដោយសារសមត្ថភាពក្នុងការចាត់ចែង និងដឹកនាំដ៏ប៉ិនប្រសប់របស់នាយករដ្ឋមន្ត្រីវ័យក្មេងនៃកម្ពុជា៕