​នាវា​មុជ​ទឹក​ជំនាន់ថ្មី​ អាច​វាយ​ប្រហារដោយ​នុយក្លេអ៊ែរ​តាក់​ទិក កូរ៉េខាងជើង​សម្ភោធឲ្យប្រើជាផ្លូវការ

North Korea’s new Tactical submarine could be officially launched; 

ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បាននិយាយនៅថ្ងៃសុក្រ សប្ដាហ៍នេះថា ប្រទេសកូរ៉េខាងជើង បានដាក់សម្ភោធ «នាវាមុជទឹកវាយប្រហារនុយក្លេអ៊ែរជំនាន់ថ្មី» ហើយបានប្រគល់វាទៅឱ្យកងនាវាដែលល្បាតនៅដែនទឹករវាងឧបទ្វីបកូរ៉េ និងជប៉ុន នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសុក្រ ទី៨ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ។

ទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលបានចូលរួមក្នុងពិធីសម្ភោធកាលពីថ្ងៃពុធ ដោយសង្កត់ធ្ងន់ថា «ការបំពាក់អាវុធអាវុធនុយក្លេអ៊ែរដល់កងទ័ពជើងទឹក គឺជាកិច្ចការបន្ទាន់មួយ ហើយបានសន្យាថា នឹងផ្ទេរនាវាមុជក្រោមផ្ទៃទឹក និងផ្ទៃលើទឹកបន្ថែមទៀត ដែលបំពាក់ដោយអាវុធនុយក្លេអ៊ែរតាក់ទិក ទៅឱ្យកងនាវាចរ»។

KCNA បានឲ្យដឹងថា «ពិធីសម្ភោធនាវាមុជទឹក បានរំលឹកដល់ការចាប់ផ្តើមនៃទំព័រថ្មី សម្រាប់ការពង្រឹងកម្លាំងកងទ័ពជើងទឹករបស់កូរ៉េខាងជើង» ដោយប្រើអក្សរកាត់នៃឈ្មោះផ្លូវការរបស់កូរ៉េខាងជើងគឺ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។

លោក គីម បាននិយាយនៅក្នុងសន្ទរកថា ថា នាវាមុជទឹកនេះមានលេខសម្គាល់ ៨៤១ ដែលមានឈ្មោះថា «Hero Kim Kun Ok» ដែលជាមធ្យោបាយវាយលុកក្រោមទឹក នៃកងទ័ពជើងទឹក របស់ប្រទេសកូរ៉េខាងជើង។

លោក គីម បន្ថែមថា «ប្រទេសកូរ៉េខាងជើង គ្រោងនឹងប្រែក្លាយនាវាមុជទឹកដែលមានស្រាប់របស់ខ្លួន ទៅជានាវាមុជទឹកវាយប្រហារដោយអាវុធនុយក្លេអ៊ែរ ហើយនឹងពន្លឿនការជំរុញរបស់ខ្លួន ដើម្បីបង្កើតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។

ជាក់ស្តែងចង់និយាយសំដៅទៅលើសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ថា «ការសម្រេចបាននូវការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃកងទ័ពជើងទឹករបស់យើង… គឺជាអាទិភាពដែលមិនអាចពន្យារពេលបានឡើយ»។

សូមជម្រាបថា បើតាមវិទ្យាស្ថាន Nuclear Threat Initiative មានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក កូរ៉េខាងជើងត្រូវបានគេវាយតម្លៃថាមាននាវាមុជទឹកចន្លោះ ពី៦៤គ្រឿង ទៅ ៨៦គ្រឿង ដែលធ្វើឱ្យប្រទេសនេះ ស្ថិតនៅក្នុងចំណោមប្រទេសមានកងនាវាមុជទឹកធំៗ នៅលើពិភពលោក។ ប៉ុន្តែក្រុមអ្នកជំនាញនៅតែមានការសង្ស័យចំពោះសមត្ថភាពធ្វើប្រតិបត្តិការ ដោយហេតុភាគច្រើននៃនាវាមុជទឹកកូរ៉េខាងជើងជានាវាស៊េរីចាស់៕