សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ៖ ទំនាក់ទំនងទ្វេភាគីរវាង កម្ពុជា និងសាធារណរដ្ឋកូរ៉េ នៅតែឈរយ៉ាងរឹងមាំ ហើយបានបន្តរីកលូតលាស់ជានិច្ច

National Assembly President Khuon Sodary: Bilateral relations between Cambodia and the Republic of Korea remain strong and continue to grow; 

ភ្នំពេញ ៖ ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានមានប្រសាសន៍ថា ទោះបីជាសភាពការណ៍ពិភពលោក និងភូមិសាស្រ្តនយោបាយនាពេលបច្ចុប្បន្ន មានការវិវត្តប្រែប្រួលឆាប់រហ័សយ៉ាងណាក្តី តែទំនាក់ទំនងទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋកូរ៉េ នៅតែឈរយ៉ាងរឹងមាំ ហើយបានបន្តរីកលូតលាស់យ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។

សម្តេចរដ្ឋសភាធិបតី បានបន្តថា ឆ្នាំ២០២៣នេះ ជាឆ្នាំខួបលើកទី២៦ នៃការភ្ជាប់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលត្រូវបានភ្ជាប់ឡើងវិញនាឆ្នាំ១៩៩៧។ ចាប់តាំងពីពេលនោះមក ភាពជាដៃគូនិងសហប្រតិបត្តិការទ្វេភាគីបានកើនឡើង ហើយត្រូវបានពង្រឹងនិងពង្រីកជាលំដាប់ស្ទើរគ្រប់វិស័យ។ មិត្តភាពកម្ពុជា សាធារណរដ្ឋកូរ៉េ ត្រូវបានវេញជាប់គ្នាដោយផ្អែកលើភាពជឿទុកចិត្ត គ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក។ ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា ចំណងមិត្តភាពនេះ នឹងនៅស្ថិតស្ថេរគង់វង្ស ហើយកាន់តែរីកលូតលាស់ ខ្លាំងឡើងថែមទៀតទាំងខាងនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ កាន់តែរឹងមាំនិងរីកចម្រើនឡើង ទៅថ្ងៃអនាគត។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានមានប្រសាសន៍ដូច្នេះ នៅក្នុងពិធីលៀងសាយភោជន៍ នារាត្រីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ជូនគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ ឯកឧត្តម គីម ជីន ព្យូ ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាពនៅកម្ពុជា។

នាឱកាសនេះដែរ ឯកឧត្តម គីម ជីនព្យូ បានលើកឡើងថា នៅក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ កម្ពុជានិងសាធារណរដ្ឋកូរ៉េ បានកសាងសមិទ្ធផលជាច្រើននៅក្នុងកិច្ចសហប្រតិបត្តិការជាមួយគ្នាលើគ្រប់វិស័យ ជាពិសេសទំនាក់ទំនងប្រជាជននិងប្រជាជន។ ទំហំពាណិជ្ជកម្មកម្ពុជានិងសាធារណរដ្ឋកូរ៉េ បានកើនឡើងគួរឱ្យកត់សម្គាល់គឺប្រមាណ២០ដង បើប្រៀបធៀបទៅអតីតកាល។ កម្ពុជានិងសាធារណរដ្ឋកូរ៉េ គឺជាដន្លងនឹងគ្នា។ ចំណងអាពាហ៍ពិពាហ៍ប្រជាជននៃប្រទេសទំាងពីរដែលកំពុងរស់នៅក្នុងសាធារណរដ្ឋកូរ៉េបានផ្តល់កំណើតប្រមាណជាង១ម៉ឺននាក់។

ឯកឧត្តមប្រធានរដ្ឋសភា បានសន្យានឹងរួមសហការជាមួយសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក្នុងការពូនជ្រំចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យកាន់តែរឹងមាំថែមទៀត នាពេលអនាគត។

ជារួម ប្រធានរដ្ឋសភាប្រទេសទំាងពីរបានសម្តែងនូវការអបអរសាទរនិងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ត្រចះត្រចង់ កើតចេញពីជំនួបទ្វេភាគីរវាងថ្នាក់ដឹកនាំរដ្ឋសភាទំាងពីរកាលពីព្រឹកមិញ ដែលថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរបានបេ្តជ្ញាចិត្តក្នុងការបន្តពង្រឹងនិងពង្រីកចំណងមិត្តភាព ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទំាងពីរ ឱ្យកាន់តែរឹងមាំនិងល្អប្រសើរឡើងថែមទៀត៕