សម្តេចធិបតី-ប្រធានាធិបតី ហ្វីលីពីន ពិភាក្សាលើវិស័យជាច្រើនសម្រាប់ពង្រឹង-ពង្រីកកិច្ចសហប្រតិបត្តិការគ្នា
Philippine President-elect discusses various areas for strengthening and expanding cooperation;
ឥណ្ឌូណេស៊ី៖ ការពិភាក្សារវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសកម្ពុជា និងប្រទេសហ្វីលីពីន ទៅលើវិស័យជាច្រើនទៅលើវិស័យសក្តានុពលសម្រាប់ជាកម្មវត្ថុនៃការពង្រឹង និងពង្រីកសហប្រតិបត្តិការបន្ថែមរវាងកម្ពុជា និងហ្វីលីពីននិងដើម្បីជាឧត្តមប្រយោជន៍នៃប្រជាជាតិទាំងពីរ។ វិស័យដែលមានសក្តានុពលទាំងនោះ រួមមាន ពាណិជ្ជកម្ម ការអភិវឌ្ឍវិស័យឯកជន, ទេសចរណ៍, ការអប់រំ និងបណ្តុះបណ្តាល, សន្តិសុខ, ការពារជាតិ, និងការតភ្ជាប់លើគ្រប់រូបភាពរវាងប្រទេសទាំងពីរ។
ក្នុងឱកាសជំនួបសម្ដែងការគួរសមរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន នាព្រឹក ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣, នៅទីក្រុងហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី។
ជាកិច្ចចាប់ផ្តើមនៃជំនួបនេះ, សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅចំពោះ ឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស និងបានថ្លែងអំណរគុណជូនចំពោះប្រជាជន និងប្រទេសហ្វីលីពីន ដែលបានគាំទ្រកម្ពុជា ក្នុងការបំពេញកាតព្វកិច្ចជាប្រធានអាស៊ាននៅឆ្នាំ ២០២២ និងចំពោះការចូលរួមរបស់កីឡាករហ្វីលីពីននៅក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ កន្លងមក។
ឯកឧត្តមប្រធានាធិបតី បានឆ្លើយតបចំពោះការស្វាគមន៍នេះ និងបានសម្តែងនូវការអបអរសាទរចំពោះ សម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា។
ឯកឧត្តមប្រធានាធិបតី ក៏បានផ្តាំផ្ញើនូវការអរគុណផងដែរជូនចំពោះ សម្តេចតេជោប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលកន្លងមកតែងនាំមកនូវគំនិតផ្តួចផ្តើម, ទិសដៅនយោបាយ, និងគោលការណ៍នយោបាយសម្រាប់អនុវត្តន៍នៅក្នុងក្របខ័ណ្ឌអាស៊ាន នាពេលដែល សម្តេចតេជោ នៅជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាទៅលើវិស័យជាច្រើន ដែលមានសក្តានុពលសម្រាប់ជាកម្មវត្ថុនៃការពង្រឹង និងពង្រីកសហប្រតិបត្តិការបន្ថែមរវាងកម្ពុជា និងហ្វីលីពីន និងដើម្បីជាឧត្តមប្រយោជន៍នៃប្រជាជាតិទាំងពីរ។ វិស័យដែលមានសក្តានុពលទាំងនោះ រួមមាន៖ ពាណិជ្ជកម្ម ការអភិវឌ្ឍវិស័យឯកជន ទេសចរណ៍ ការអប់រំ និងបណ្តុះបណ្តាល សន្តិសុខ ការពារជាតិ និងការតភ្ជាប់លើគ្រប់រូបភាពរវាងប្រទេសទាំងពីរ។
មុននឹងបញ្ចប់ ថ្នាក់ដឹកនាំទាំងពីរបានបង្ហាញនូវទឹកចិត្តសោមនស្ស ចំពោះឱកាសផ្លាស់ប្តូរយោបល់ទៅវិញទៅមក ក្នុងក្របខ័ណ្ឌទ្វេភាគីនេះ ដែលជាយន្តការនៃកិច្ចសហប្រតិបត្តិការបន្ថែម លើយន្តការពហុភាគីនៃក្របខ័ណ្ឌអាស៊ាន។ ជាកិច្ចបញ្ចប់ ថ្នាក់ដឹកនាំទាំងពីរ បានគោរពអញ្ជើញគ្នាទៅវិញទៅមក ដើម្បីបំពេញទស្សនកិច្ចផ្លូវការ ក្នុងពេលសមស្របណាមួយ នាពេលអនាគត៕