ផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនផលិតទូរសព្ទស្មាតហ្វូន 5G ចិនរំពឹងកំណើនខ្ពស់សម្រាប់ឆ្នាំ ២០២៤

Chinese 5G smartphone maker expects high growth in 2024;

ចិន៖ ការព្យាករណ៍អំពីកំណើនផ្សារភាគហ៊ុនរបស់បណ្តាក្រុមហ៊ុន ដែលផលិតទូរសព្ទដៃស្មាតហ្វូនប្រភេទ 5G ក្នុងប្រទេសចិនតាមរយៈផែនការសកម្មភាពមួយ ថានឹងមានការកើនឡើងខ្លាំងរហូតដល់ប្រមាណជាង៨៥% សម្រាប់ឆ្នាំ ២០២៤ ខណៈដែលគេមើលឃើញ ប្រទេសចិនកំពុងតែនាំមុខខាងវិស័យបច្ចេកវិទ្យា 5G ដែលជាបច្ចេកវិទ្យាប្រព័ន្ធអ៊ីនធើណេតចល័តជំនាន់ថ្មីជាមួយនឹងល្បឿនលឿនខ្លាំងជាង ១០០ដង បើធៀបនឹងបច្ចេកវិទ្យាអ៊ីនធើណេត 4G នេះបើយោងតាមក្រុមមន្រ្តីជំនាញនៃក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យារបស់ប្រទេសចិន។

របាយការណ៍ព្យាករណ៍របស់ក្រុមអាជ្ញាធរចិនដដែលនេះ បានធើ្វឡើងក្នុងគោលបំណងដើម្បីជំរុញកំណើនវិវត្តន៍ទៅមុខជាស្ថេរភាពសម្រាប់វិស័យឧស្សាហកម្មអេឡិចត្រូនិក និងបច្ចេកវិទ្យានៅក្នុងប្រទេសចិន ដោយបានកំណត់យកអត្រាគោលជាមធ្យម ៥% ប្រចាំឆ្នាំចាប់ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៤ ។ ការលក់ផលិតផលទូរស័ព្ទស្មាតហ្វូនប្រភេទ 5G របស់ប្រទេសចិននឹងមានការកើនឡើងជាង ៨០% សម្រាប់ឆ្នាំ ២០២៤។ ផែនការសកម្មភាពនេះក៏បានសង្កត់ធ្ងន់ទៅលើកិច្ចខិតខំដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋបន្តប្រើប្រាស់គ្រឿងអេឡិចត្រូនិកបែបប្រពៃណី និងជំរុញអត្រាកំណើនមួយនេះតាមរយៈការបន្តច្នៃប្រឌិតផលិតផល និងបច្ចេកវិទ្យាដែលមានស្រាប់ឱ្យកាន់តែប្រសើរឡើង។

សូមរំលឹកថា ប្រទេសចិនគឺជាអ្នកផលិតនិងផ្គត់ផ្គង់គ្រឿងឧបករណ៍អេឡិចត្រូនិកដ៏ធំមួយក្នុងពិភពលោក ដែលមានកំណើនវិនិយោគកើនឡើងប្រចាំឆ្នាំសម្រាប់វិស័យមួយនេះប្រមាណជាង ៩% ៕ ប្រភព៖ Reuters