ក្រុមកម្មករជីកដីដាក់លូបង្ហូរទឹកស្អុយចេញពីក្រុងបាត់ដំបង បានប្រទះឃើញ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជិត១០០គ្រាប់

បាត់ដំបង៖ ប្រទះឃើញដោយក្រុមកម្មកររបស់ក្រុមហ៊ុន លឿង ជ័រ លើករណីគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសល់ពីសង្រ្គាមប្រមាណជិត១០០គ្រាប់ ដែលបាននិងកំពុងធ្វើការជីកកកាយដាក់លូបង្ហូរទឹកស្អុយចេញពីក្រុង ស្ថិតនៅក្រុមទី២១ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

បន្ទាប់ពីបានប្រទះឃើញនៅក្នុងរណ្តៅដី រួចរាយការណ៍ទៅសមត្ថកិច្ចពាក់ព័ន្ធ មកជួយអន្តរាគមន៍ជាបន្ទាន់។
ចៅសង្កាត់អូរចារ លោក ឯម សុផល នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ទីតាំងនេះ ទទួលបានការអភិវឌ្ឍក្នុងគម្រោងមូលនិធិសង្កាត់ឆ្នាំ២០២៣ មានប្រវែងដែលត្រូវកាយដាក់លូជិត១០០ម។ លោក បានបញ្ជាក់ថា ការងារកាយដីដាក់លូបានចាប់ផ្តើមដំណើរការតាំងពីថ្ងៃ០២ រហូតមកដល់នឹងពេលនេះ មានរយៈពេល៣ថ្ងៃកន្លងមកហើយ ជាមួយនោះក៏បានឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើននៅបង្កប់ក្នុងរណ្តៅដីដែលបានជីក និងបានសហការជាមួយអាជ្ញាធរមូលដ្ឋាន កម្លាំងនគរបាល អាវុធហត្ថក្រុង បន្តផ្តល់ដំណឹងទៅដល់អង្គភាព CMAC ខេត្តបាត់ដំបង ដើម្បីចុះពិនិត្យនិងប្រមូលយកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនេះទៅកំទេចចោល ។

លោក គ្រី លំអិត ប្រធានផ្នែកប្រតិបត្តិការទទួលបន្ទុកកំទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះ ប្រចាំកងឯកភាពកំចាត់មីនទី២ខេត្តបាត់ដំបង បានបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃនេះក្រុមការងារបានរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបទាំងអស់ចំនួន៨៣គ្រាប់ជាប្រភេទគ្រាប់ផ្លោងភាគច្រើន ដែលផលិតនៅសហរដ្ឋអាមេរិក ហើយគ្រាប់ទាំងនោះមិនទាន់ខូចទាំងស្រុងទេ តែក៏មិនអាចយកទៅប្រើប្រាស់បាននោះដែរ ទោះបីរំសេវនៅខាងក្នុងនៅល្អទាំងអស់ក៏ដោយ។

លោកវរសេនីយ៍ត្រី ឆោម ឈឿយ នាយផ្នែកជំនាញសណ្តាប់ធ្នាប់ និងចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានឲ្យដឹងថា គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនេះគឺជាគ្រាប់ផ្លោង មានប្រភេទនិងទំហំខុសៗគ្នា រួមមានទំហំ130mm ទំហំ75mm ទំហំ85mm ទំហំ105mm  គ្រាប់រ៉ុកកែតទំហំ122mm និងក្បាលផ្ទុះគ្រាប់105mm…។

អាជ្ញាធរសង្កាត់ មន្ត្រីអង្គភាព CMAC និងកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង សុទ្ធតែបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមសហការជាមួយអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវមានការប្រុងប្រយ័ត្នចំពោះគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ហើយបើមានជួបនឹងគ្រាប់ទាំងនេះ នៅកន្លែងណាសូមរាយការណ៍ជាបន្ទាន់ដល់សមត្ថកិច្ច ដែលនៅជិតបំផុត ដើម្បីឲ្យមន្ត្រីជំនាញអង្គភាព CMAC ចុះប្រមូលបានទាន់ពេលវេលា៕