គោលនយោបាយ ដើម្បីគាំពារដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដាក់ចេញដោយរាជរដ្ឋាភិបាលអាណត្តិនេះ

ភ្នំពេញ៖ ការដាក់ចេញគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍​សង្គមសេដ្ឋកិច្ចក្រៅប្រព័ន្ធ រាជរដ្ឋាភិបាលកម្ពុជានៅក្នុងអាណត្តិថ្មី នីតិកាលទី៧នេះ ​ជាគោលដៅលើកកម្ពស់លទ្ធភាពការធ្វើ​អាជីវកម្ម​គ្រប់ប្រភេទ ​ដើម្បីទទួលបានអត្ថប្រយោជន៍ ក៏ដូចជាការគាំពារនៃការទទួលបាន​ហិរញ្ញប្បទាន​ផ្សេងៗ។

រដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកជំទាវ គង់ សូរីតា បាន​លើកឡើងក្នុងវេទិការសហគ្រិនស្រ្តី ក្នុង​ការអភិវឌ្ឍ​អាជីវកម្ម និងពិព័រណ៍ពាណិជ្ជកម្មក្នុងស្រុក​ នៅចុងសប្តាហ៍កន្លងមកថា ជុំវិញ​ការអភវិឌ្ឍ​សេដ្ឋកិច្ចក្រៅ ថ្មីៗនេះកម្ពុជា​បានបើកកិច្ចប្រជុំអន្តរក្រសួង​ ដើម្បីជជែកពិភាក្សាលើកិច្ចគាំពារ ក្នុងគោលដៅលើកកម្ពស់អ្នកធ្វើអាជីវកម្មក្រៅប្រព័ន្ធ។

រាជរដ្ឋាភិបាលនិងយកចិត្តទុកដាក់ ជាពិសេសស្រ្តីដែលប្រកបមុខរបរ ឬធ្វើការនៅក្រៅប្រព័ន្ធ មិនថាជាសហគ្រិន ជាម្ចាស់អាជីវកម្ម និងជានយោជិតក៏ដោយ ពួកគេនឹងទទួលបាន​អត្ថប្រយោជន៍ដូចៗគ្នា ដោយមិនមានត្រូវបោះបង់អ្នកណាម្នាក់។

លោកជំទាវ លើកឡើងថា ជុំវិញការរៀបចំគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ ជាឱកាសមួយជាពិសេសបងប្អូនជាស្រ្តី ដើម្បីទទួលយកអត្ថប្រយោជន៍ការគាំពារ ឬការផ្តល់នូវហិរញ្ញប្បទានផ្សេងៗ ក្នុងគោលដៅជំរុញឲ្យសហគ្រិនស្រ្តីឲ្យកាន់តែមាននិរន្តភាពថែមទៀត ។

លោកជំទាវបានបន្តថា ជុំវិញផែនការខាងលើ នេះគឺជាព័ត៌មានល្អ នៃការលើកកម្ពស់លទ្ធភាពរបស់អ្នកធ្វើអាជីវកម្មក្រៅប្រព័ន្ធ និងជាការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល នៅក្នុងអាណត្តិថ្មី នីតិកាលទី ៧ នេះ។

ជុំវិញការរៀបចំគោលនយោបាយសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះដែរ នៅថ្ងៃទី ៣០ ខែ សីហា កន្លងមក ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ បានបើកកិច្ចប្រជុំលើការរៀបចំគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍​សង្គមសេដ្ឋកិច្ច​ក្រៅប្រព័ន្ធជាអន្តរក្រសួង ដើម្បីពិភាក្សា និងប្រមូលធាតុចូល សម្រាប់ចងក្រងចេញ​ជាគោល​នយោបាយ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ។

គួរបញ្ជាក់ថា នៅក្នុងអាណត្តិថ្មីនេះ រាជរដ្ឋាភិបាលនឹងដាក់ចេញកម្មវិធីគោលនយោបាយ សម្រាប់​ការកសាង និងការពារមាតុភូមិឆ្នាំ ២០២៣-២០២៨ សម្រាប់​សហគ្រាសធុនតូច និងមធ្យម រួមទាំងវិស័យ​សេដ្ឋកិច្ចក្រៅប្រព័ន្ធ ​តាមច្បាប់វិនិយោគថ្មី និងភាពប្រទាក់ក្រឡានៃការរៀបចំ​ច្បាប់ស្តីពីសារពើពន្ធថ្មី ព្រមទាំងការដាក់ចេញនូវវិធានការលើកទឹកចិត្តជាក់លាក់ ដើម្បីកែលម្អ​បរិយាកាសធុរកិច្ចសម្រាប់សហគ្រាសធុនតូច​ និងមធ្យម និងការរៀបចំគោលនយោបាយ និង​យុទ្ធសាស្រ្តអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ ជំរុញបន្ថែមដល់ការអភិវឌ្ឍន៍វិស័យកសិកម្ម, ទេសចរណ៍, សហគ្រាសធុនតូច និងមធ្យម តាមរយៈ ​ធនាគារសហគ្រាសធុនតូច និងមធ្យម, ធនាគារ​អភិវឌ្ឍន៍ជនបទ​ និងកសិកម្ម, ក្រុមហ៊ុន​សាជីវកម្មធានាឥណទានកម្ពុជា, មូលនិធិសហគ្រិន និងមូល​និធិអភិវឌ្ឍន៍ជំនាញជាដើម​៕