តៃវ៉ាន់ជម្លៀសមនុស្សរាប់ពាន់នាក់ និងលុបចោលជើងហោះហើរ ក៏ព្រោះព្យុះទីហ្វុងហៃកួយ(Haikui)
តៃវ៉ាន់៖ ខណៈកោះតៃវ៉ាន់បានត្រៀមទប់ទល់ការមកដល់នៃព្យុះទីហ្វុងហៃកួយ (Haikui) ជើងហោះហើរក្នុងស្រុកត្រូវបានលុបចោល ហើយមនុស្សជិត៣.០០០ នាក់ត្រូវបានជម្លៀសចេញ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ដែលត្រូវបានគេរំពឹងថានឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកខ្លាំងមកកាន់ភាគខាងត្បូង និងខាងកើតរបស់កោះនេះ។
គេបានព្យាករណ៍ថាព្យុះហៃកួយ (Haikui) នឹងវាយប្រហារនៅតំបន់ភ្នំ និងមានប្រជាជនតិចតួចរស់នៅឆ្ងាយពីភាគអាគ្នេយ៍នៃកោះតៃវ៉ាន់នៅរសៀលថ្ងៃអាទិត្យ។ ស្រុកនិងក្រុងនៅភាគខាងកើត និងខាងត្បូងបានលុបចោលថ្នាក់រៀន ហើយបានប្រកាសថ្ងៃឈប់សម្រាកសម្រាប់កម្មករ។
លោកស្រី សៃអ៊ីងវិន (Tsai Ing-wen) បានប្រាប់កិច្ចប្រជុំមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយថា នេះនឹងក្លាយជាព្យុះទីហ្វុងដំបូងគេដែលបានបោកបក់មកលើកោះនេះ ហើយឆ្លងកាត់ជួរភ្នំកណ្តាលរបស់កោះមួយនេះក្នុងរយៈពេល៤ ឆ្នាំ។
ប្រជាជនគួរតែជៀសវាងការចេញទៅក្រៅ ហើយកុំឡើងភ្នំ ទៅឆ្នេរសមុទ្រ នេសាទ ឬចូលរួមក្នុងកីឡាក្នុងទឹកជាដើម នេះបើតាមសេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់លោកស្រីសៃ(Tsai)បានដកស្រង់សម្តីរបស់លោកស្រី។
ព្យុះទីហ្វុងហៃកួយ (Haikui) គឺជាព្យុះដែលមានកម្លាំងខ្សោយជាងព្យុះទីហ្វុងសៅឡា(Saola) ដែលបានវាយប្រហារទីក្រុងហុងកុង និងខេត្តក្វាងទុងភាគខាងត្បូងប្រទេសចិនកាលពីថ្ងៃសៅរ៍៕