ពលរដ្ឋឥណ្ឌា ៥៩ភាគរយគាំទ្រលោក Putin តាមការស្ទាបស្ទង់
ឥណ្ឌា៖ ប្រជាជនឥណ្ឌា ភាគច្រើនមានគំនិតវិជ្ជមានចំពោះរុស្ស៊ី និងប្រធានាធិបតី Vladimir Putinហើយអ្នកឆ្លើយតបភាគច្រើនបានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការទទួលបានថាមពលដែលមានតម្លៃសមរម្យ បើយោងតាមការស្រាវជ្រាវ និងស្ទាបស្ទង់មតិលើប្រទេសចំនួន២៤កន្លងមកដោយវិទ្យាស្ថាន Pew ដែលមានមូលដ្ឋាននៅក្នុងទីក្រុងវ៉ាស៊ិនតោនបានបង្ហាញ។
ប្រជាជនឥណ្ឌា ប្រមាណជា៥៩ភាគរយបានបង្ហាញទំនុកចិត្តលើប្រធានាធិបតីរុស្ស៊ី ក្នុងការធ្វើរឿងត្រឹមត្រូវទាក់ទងនឹងកិច្ចការពិភពលោកខណៈ ដែលអត្រាប្រមាណជា១២ភាគរយប៉ុណ្ណោះដែលគាំទ្រលោក Putin ក្នុងចំណោមអ្នកឆ្លើយតបនៅក្នុងបណ្តាប្រទេសផ្សេងទៀត នេះជាទិន្នន័យបានបង្ហាញដែលត្រូវបានដកស្រង់ដោយ RT ។
ទិន្នន័យដដែលនេះក៏បានបង្ហាញដែរថា ប្រជាជនសរុបចំនួន៥៧ភាគរយនៅក្នុងប្រទេសឥណ្ឌាមានទស្សនៈវិជ្ជមានចំពោះប្រទេសរុស្ស៊ី ហើយជាង៤០ភាគរយជឿថាឥទ្ធិពលសកលរបស់ទីក្រុងម៉ូស្គូបានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
ជាងនេះទៀតលទ្ធផលក៏បានបង្ហាញឱ្យឃើញដែរថា៧១ភាគរយ នៃប្រជាជនឥណ្ឌាបាននិយាយថា ការរក្សាសិទ្ធិចូលទៅកាន់ទុនបម្រុងប្រេង និងឧស្ម័នរបស់រុស្ស៊ីគឺសំខាន់ជាង ភាពប្រឈមមុខដាក់គ្នានិងការតានតឹងដាក់គ្នានៅក្នុងជម្លោះជាមួយរុស្ស៊ី និងអ៊ុយក្រែន៕