អាកាសយានដ្ឋាន ក្នុងទីក្រុងភីស្កូវភាគឦសាន ប្រទេសរុស្ស៊ី រងការវាយប្រហារដោយយានដ្រូន
រុស្សី៖ មានការវាយប្រហារដោយយានដ្រូនលើអាកាសយានដ្ឋាន ក្នុងទីក្រុងភីស្កូវ(Pskov) ភាគឦសានរបស់ប្រទេសរុស្ស៊ី យោងលើសេចក្ដីរាយការណ៍នានាពីប្រទេសរុស្ស៊ី។
អភិបាលតំបន់នេះ បាននិយាយថា យោធាបានវាយទប់ការវាយប្រហារមួយ ។ លោកបានបង្ហោះវីដេអូ ដោយបង្ហាញពីអគ្គិភ័យដ៏សន្ធោសន្ធៅ ខណៈគេក៏បានលាន់លឺស្នូរផ្ទុះផងដែរ។
សេចក្ដីរាយការណ៍ព័ត៌មានរបស់រុស្ស៊ី ដែលពុំបានបញ្ជាក់មួយ និយាយថាយន្តហោះដឹកជញ្ជូន អ៊ីលីយ៉ាសស៊ីន ៧៦ (Ilyushin 76) ចំនួន៤គ្រឿង ត្រូវបានខូចខាត នៅអាកាសយានដ្ឋាននោះ។
អាកាសយានដ្ឋានភីស្កូវ មានចម្ងាយជាង៦០០គីឡូម៉ែត្រ ពីព្រំដែនប្រទេសអ៊ុយក្រែន ជិតព្រំដែនប្រទេសអេស្តូនី ។
ប្រទេសអ៊ុយក្រែន ពុំបាននិយាយថាខ្លួនមានជាប់ពាក់ព័ន្ធក្នុងឧបទ្ទវហេតុនេះទេ ប៉ុន្តែកម្រអត្ថាធិប្បាយណាស់រាល់ការវាយប្រហារក្នុងទឹកដីរបស់រុស្ស៊ី។
ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មី ប្រទេសនេះ ត្រូវគេជឿថាបានបង្កើនការប្រើប្រាស់យានដ្រូនបំផ្ទុះ ដើម្បីវាយប្រហារលើគោលដៅនានានៅក្នុងប្រទេសរុស្ស៊ី៕