សូមជូនសង្ខេបព័ត៌មាន នៃព្រឹត្តិការណ៍ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤
ភ្នំពេញ៖ សម្តេចធីបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញ ចូលរួមថ្លែងសុន្ទរកថាពិសេស នៅក្នុងពិធី បើកសន្និបាតលើកទី៨០ របស់ UN-ESCAP ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងបាងកក នាថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៤។
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអរគុណចំពោះ ក្រសួង ស្ថាប័ន និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ គ្រប់រាជធានី-ខេត្ត ក៏ដូចជាកងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ កងរាជអាវុធហត្ថ ប្រជាការពារ អ្នកអនាម័យ និងកម្លាំងស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមសហការ បំពេញភារកិច្ចរៀបចំ តុបតែង និងប្រចាំការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ ធានាបាននូវសុវត្ថិភាព បង្កលក្ខណៈដល់ការកម្សាន្ត របស់ប្រជាពលរដ្ឋ ដែលនាំឱ្យការប្រារព្ធ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ សោភ័ណភាព សេចក្ដីថ្លៃថ្នូរ សុខសុវត្ថិភាព របៀបរៀបរយល្អ ប្រកបដោយមោទកភាពជាតិ។
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា កត្តាចម្បងបំផុត គឺម្លប់ នៃសុខសន្តិភាព ដែលបានផ្តល់នូវ ឱកាសឱ្យប្រជាជនខ្មែរគ្រប់រូប អាចរួមរស់ប្រកបដោយកុសលធម៌ និងសាមគ្គីធម៌ ក្នុងធ្លុងជា មហាគ្រួសារខ្មែរតែមួយ នៅលើទឹកដីមាតុភូមិអង្គរដ៏បវរជា ទីស្នេហា និងក្នុងសេចក្តីសុខក្សេមក្សាន្ត កិត្តិយស និងសេចក្តី ថ្លៃថ្នូរ ជាដរាបតរៀងទៅ។
ភ្នំពេញៈក្នុងឳកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេលបួនថ្ងៃ ត្រូវនឹងថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ ប្រជាពលរដ្ឋខ្មែរ និងទេសចរបរទេសបានធ្វើដំណើរកម្សាន្ត ក្នុងក្របខណ្ឌទូទាំងប្រទេស ចំនួនជាង២១លាននាក់។ ក្នុងនោះទេសចរបរទេសជាង១១ ម៉ឺននាក់។
ភ្នំពេញ៖ អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ដែលរបបសន្តិសុខសង្គម ប្រចាំខែរបស់អតីត មន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ដែលមានកម្រិតទាបជាង ៨២៥ ០០០ រៀល ត្រូវដំឡើងឱ្យដល់ ៨២៥ ០០០ (ប្រាំបីសែនពីរម៉ឺនប្រាំពាន់) រៀល យោងតាមអនុក្រឹត្យ ស្តីពីការធ្វើសមាហរណកម្ម និងការដំឡើងរបបសន្តិសុខសង្គម សម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ដែលបង្ហាញពីការយកចិត្តទុកដាក់ របស់សម្តេចប្រមុខរាជរដ្ឋាភិបាល។
ភ្នំពេញ៖ នៅក្នុងត្រីមាសទី១ឆ្នាំ២០២៤ កម្ពុជារកចំណូលបានជាង១២៣លានដុល្លារ ពីការនាំចេញអង្ករ ទៅក្រៅប្រទេស។
ភ្នំពេញ៖ ១៧ មេសា ប្រជាខេមរា បានចងចាំ ដំណើរនាំកម្ពុជាទៅរកឆ្នាំសូន្យ របស់ ប៉ុល ពត។ របបអាវខ្មៅ បានបង្កើតសោកនាដកម្ម នៅលើទឹកដីកម្ពុជា សិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិដ៏សំខាន់ជាងគេ ត្រូវបានខ្មែរក្រហម ដកហូតពីប្រជាជនកម្ពុជាទាំងអស់ ហើយដាក់ឱ្យរស់រង់ចាំ តែថ្ងៃស្លាប់តែប៉ុណ្ណោះ។ ដែលតាមការកត់ត្រាថា មានប្រជាជនខ្មែរជិត ២លាននាក់ ត្រូវបានសម្លាប់ក្រោម របបអាវខ្មៅដ៏សែនយង់ឃ្នង ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ។ នេះហើយគឺជាលទ្ធផលដែលក្រុមកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) បាននាំឱ្យកម្ពុជាមានការផ្លាស់ប្តូរ ដែលមិននឹកស្មានដល់នោះ ៕
អន្តរជាតិ៖ ទាហានរុស្ស៊ីជាង 27,300 នាក់បានស្លាប់នៅឆ្នាំទី 2 នៃការប្រយុទ្ធគ្នាជាមួយអ៊ុយក្រែន។ រុស្ស៊ីបានបដិសេធ មិនធ្វើអត្ថាធិប្បាយទេ។ ចំនួនពិតប្រាកដ នៃការស្លាប់ទាហានរុស្ស៊ី ទំនងជាមានច្រើនជាងនេះ។ បើតាមការអង្កេតមួយ បានបង្ហាញថា ចំនួនយោធារុស្សីស្លាប់អាចមានចំនួនសរុប – ច្រើនជាង 50,000 រាប់ចាប៉ពីដើមឆ្នាំ 2022។ ( BBC News)
អន្តរជាតិ៖ មីស៊ីលរបស់រុស្ស៊ី បានសម្លាប់មនុស្ស 14 នាក់និងធ្វើឱ្យរបសួសជាង 60 នាក់ នៅក្នុងការវាយប្រហារ លើអគារកម្ពស់៨ជាន់ នៅក្នុងទីក្រុង Chernihiv ភាគខាងជើងប្រទេសអ៊ុយក្រែន។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែនបាននិយាយថា កាំជ្រួចចំនួនបីបានវាយប្រហារ ផ្ទួនៗគ្នា។ ការវាយប្រហារនេះបានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីមានសេចក្តីរាយការណ៍ ពីការវាយប្រហាររបស់អ៊ុយក្រែន លើអាកាសយានដ្ឋានយោធារុស្ស៊ី ក្នុងតំបន់គ្រីមេ អតីតទឹកដីអ៊ុយក្រែន ដែលកាន់កាប់បច្ចុប្បន្នដោយរុស្សី។ (BBC News)
អន្តរជាតិ៖ អាមេរិកកំពុងពិចារណាដាក់ទណ្ឌកម្មថ្មី លើប្រទេសអ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹង ការវាយប្រហារតាមអាកាស ទៅលើអ៊ីស្រាអែល កាលពីចុងសប្តាហ៍មុន។ ការដាក់ទណ្ឌកម្មថ្មី អាចធ្វើឡើងបន្ទាប់ពី លោក Israel Katz រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល បានអំពាវនាវឱ្យសម្ព័ន្ធមិត្ត ដាក់ទណ្ឌកម្មលើ ទីក្រុង Tehranនៅពេល ប្រទេសនេះ បានបាញ់កាំជ្រួចរាប់រយគ្រាប់ និងវាយប្រហារដោយយន្តហោះ គ្មានមនុស្សបើក មកលើអ៊ីស្រាអែល កាលពីល្ងាចថ្ងៃសៅរ៍។ យោធាអ៊ីស្រាអែលអះអាងថា បានស្ទាក់ចាប់កាំជ្រួចស្ទើតែទាំងអស់។ ដោយឡែក អ៊ីរ៉ង់បានបញ្ជាក់ថា ខ្លួនបានវាយប្រហារចំលើទីតាំងយោធាអ៊ីស្រាអែល មួយចំនួន។ (RT)
សូមអរគុណ