សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា បញ្ហារវាងបងប្អូនប្រជាពលរដ្ឋជាមួយម្ចាស់បុរី សម្ដេចបានបញ្ជាឲ្យធ្វើការដោះស្រាយជារៀងរាល់ថ្ងៃ

តាកែវ៖ សម្តេចធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលមិនដេកអេះពោះដូចការលើកឡើងរបស់ជនអគតិមួយក្តាប់តូចនោះទេ គឺរាជរដ្ឋាភិបាលបានកំពុងខិតខំដោះស្រាយរាល់បញ្ហាជូនបងប្អូនជានិច្ចជាពិសេសបញ្ហារវាងពលរដ្ឋ និងម្ចាស់បុរីនានា ដែលបានកំពុងកើតឡើងនាពេលសព្វថ្ងៃនេះ។

សម្តេចធិបតី បានបញ្ជាក់ថា សម្តេចបានបញ្ជាឲ្យឯកឧត្តម សាយ សំអាល រដ្ឋមន្រ្តីក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើការដោះស្រាយជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមាន​បញ្ហាជាមួយ ម្ចាស់បុរីនានា​យ៉ាងយកចិត្តទុកដាក់បំផុត ប៉ុន្តែមិនបានធ្វើការផ្សព្វផ្សាយ​ជា​សាធារណៈនោះទេ។ ក្រៅពីឲ្យមានការដោះស្រាយចំពោះការវិវាទរបស់បងប្អូន​ និងម្ចាស់បុរី សម្តេច​ក៏បានធ្វើការជាមួយធនាគារជាតិ ​ដោយឲ្យតួអង្គនេះ​ត្រូវ​ចរចា​ជាមួយ​ធនាគារនានា​ដើម្បីសម្រួលដល់ពលរដ្ឋដែលជួបប្រទះភាពជាប់គាំង​ផ្នែកសេដ្ឋកិច្ចផងដែរ។

ការលើកឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តីនេះ គឺបានធ្វើឡើងនៅក្នុងឱកាសអញ្ជើញសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ របស់ក្រុមហ៊ុនខ្មែរហ្វ្រេសមីលឯ.ក ស្ថិតនៅស្រុកបាទី ខេត្តតាកែវ នាថ្ងៃ១១ ខែមេសា ឆ្នាំ២០២៤នេះ៕