សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណព្រះមហាក្សត្រ ព្រះមហាក្សត្រី ថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា និងបណ្ដាប្រទេសជាមិត្តដែលបានជូនពរសម្ដេច ក្នុងឱកាសជាប់ជាប្រធានព្រឹទ្ធសភា
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤នេះ បានថ្វាយ និងផ្ញើលិខិតថ្លែងអំណរគុណ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងបណ្ដាថ្នាក់ដឹកនាំកំពូលប្រទេសជាមិត្តនានាដែលបានព្រះរាជសារ និងសារលិខិតអបអរសាទរសម្ដេចក្នុងឱកាសជាប់ឆ្នោតជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងសម័យប្រជុំលើកដំបូង សម្រាប់នីតិកាលទី៥ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ។
សម្ដេចតេជោ និងនិងភរិយាបានថ្លែងអំណរព្រះរាជគុណប្រកបដោយបីតិសោមនស្ស រីករាយជាអនេកប្បការ ដោយបានទទួលព្រះរាជសារលិខិត សម្តេចម៉ែ និងព្រះមហាក្សត្រ ជាអម្ចាស់ ដែលទ្រង់សព្វព្រះរាជ ហឫទ័យប្រោសព្រះរាជទាននូវការអបអរសាទរ ព្រមទាំងប្រសិទ្ធពរបវរមហាប្រសើរចំពោះសម្ដេច និងភរិយារួមទាំងក្រុមគ្រួសារ ក្នុងឱកាសពោរពេញដោយមហាកិត្តិយសឧត្តុង្គឧត្តមដែលសម្ដេចត្រូវបានសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ បោះឆ្នោតជាឯកច្ឆ័ន្ធជ្រើសរើសជា “ប្រធានព្រឹទ្ធសភា” នៃព្រះរាជាណាចក្រកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះសារអបអរសាទរ និងជូនពរពីបណ្ដាមេដឹកនាំនៃបណ្ដាប្រទេសជាមិត្តនានា ដែលបានជូនពរ និងអបអរសាទរដល់គណបក្សប្រជាជនកម្ពុជាចំពោះជ័យជន្នះក្នុងការបោះឆ្នោតព្រឹទ្ធសភាឆ្នាំ២០២៤ និងចំពោះសម្ដេចដែលត្រូវបានបោះឆ្នោតជ្រើសរើសជា ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាសម្រាប់នីតិកាលទី៥។
សម្ដេចតេជោថ្លែងថា៖ «ក្នុងនាមខ្ញុំជាប្រធានព្រឹទ្ធសភា ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ របស់ប្រទេសនានា ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការសភាទ្វេភាគី និងពហុភាគី ព្រមទាំងពង្រឹង ទំនាក់ទំនងល្អដែលមានស្រាប់រវាងប្រទេសកម្ពុជា និងប្រទេសជាមិត្តនានាឱ្យកាន់តែស៊ីជម្រៅថែមទៀត នៅក្រោមស្មារតីសហគមន៍អាស៊ាន ដើម្បីផលប្រយោជន៍រួមសម្រាប់ប្រជាជន និងប្រទេស »៕