ក្លឹបកម្សាន្ដ ស៊ីនហាយ អគ្គីភ័យលេបត្របាក់ ស្ទើរតែទាំងស្រុង

ព្រះសីហនុ៖ ក្លឹបកម្សាន្ដ ស៊ីនហាយ (ខារ៉ាអូខេ សៀងហៃ) ត្រូវបានអគ្គិភ័យបានឆាបឆេះ ដែលស្ថិត​នៅ​ក្នុង​សង្កាត់លេខ៤ ក្រុងព្រះសីហនុ ជិតរង្វង់មូលតោពីរ បណ្ដាលឱ្យខូចខាត​សម្ភារៈ​ស្ទើរ​តែ​ទាំង​ស្រុង។

គ្រោះអគ្គិភ័យនេះបានកើតឡើងនារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤។ កម្លាំងចម្រុះ មាន​ទាំង​រថយន្ត​ពន្លត់អគ្គិភ័យរបស់ស្នងការខេត្ត អាវុធហត្ថខេត្ត ង៧០ កំពង់ផែស្វ័យត្ន ក្រុមហ៊ុនGTVC និង​រថយន្តពន្លត់អគ្គិភ័យរបស់ព្រលានយន្តហោះកងកេងផងដែរ បានចូលរួម​គ្នា​ជួយ​អន្ត​រាគមន៍​ពន្លត់​ភ្លើង​នេះ។

សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការពន្លត់កម្លាំងចម្រុះ​បាន​ប្រើប្រាស់​ទឹក​ពន្លត់​អគ្គិភ័យ​ឲ្យ​រលត់​ទៅ​វិញ​ប្រើអ​ស់ពេលប្រមាណ ៣ម៉ោង ប៉ុន្តែពុំទាន់អាចបញ្ជាក់បានពីរបាយការណ៍ជាក់លាក់ថា ទំហំ​នៃការឆាបឆេះនេះអស់ប៉ុន្មាន មានមនុស្សរងគ្រោះឬអត់ និងពុំទាន់អាចបញ្ជាក់ថា ការឆេះ​នេះ​បណ្តាលមកពីមូលហេតុអ្វីនៅឡើយទេ ព្រោះសមត្ថកិច្ចជំនាញកំពុងធ្វើការ។

គួររំឭកផងដែរថា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ទីតាំងខារ៉ាអូខេនេះ (ស៊ិន ហាយ) បាន​បិទ​ទ្វារ​មកទល់បច្ចុប្បន្ន ដោយសារបើកបន្ទប់ KTV ពាក់ព័ន្ធនឹងគ្រឿងញៀនជាដើម ហើយពេ​ល​នោះ​សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យដែលពាក់ព័ន្ធថ្នាំញៀន និងវត្ថុតាង​បញ្ជូ​ន​ទៅ​តុលា​ការ​ផង​ដែរ​៕
Images