ការបង្ក្រាបទីតាំងលួចបើកល្បែង ចាក់ឆ្នោតវៀតណាម អាជ្ញាធរខណ្ឌទួលគោក ចុះឃាត់ម្ចាស់ទីតាំងម្នាក់

ភ្នំពេញ៖ ការចុះបង្ក្រាបទីតាំងលួចបើកល្បែងស៊ីសងប្រភេទឆ្នោតវៀតណាមមួយកន្លែង ដោយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកបានឆ្មក់ និងឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់ និងដករហូតវត្ថុតាងមួយចំនួន។

ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង០៤និង២០នាទីល្ងាចថ្ងៃទី០៦ ខែមេសា ឆ្នាំ ២០២៤ ដែលដឹកនាំផ្ទាល់ដោយលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានចុះឆ្មក់បង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែងដែលស្ថិតនៅផ្ទលេខ២៤ ផ្លូវលេខ២២៦ កែង ផ្លូវ២២៣ ក្រុមទី៤៨ ភូមិ១៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីមន្ត្រីអាជ្ញាធរខណ្ឌទួលគោកបានឲ្យដឹងថា ក្រោយទទួលបានព័ត៌មាននិងសេចក្ដីរាយការណ៍ អាជ្ញាធរខណ្ឌទួលគោក បានចាត់កម្លាំងចុះស្រាវជ្រាវរួចក៏បានដាក់កម្លាំងចុះឆ្មក់បង្ក្រាបជាក់ស្ដែងតែម្ដង។ ក្នុងប្រតិបត្តិការនេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានឃាត់ខ្លួន ស្ត្រីម្នាក់ ដែលមើលការខុសត្រូវនៅទីតាំងនេះ និងដកហូតក្រដាសចុងសន្លឹកឆ្នោតវៀតណាម មួយចំនួន។

បច្ចុប្បន្នស្ត្រីម្នាក់មើលការខុសត្រូវនៅទីតាំង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

Images