ប្រមុខដឹកនាំកំពូលហ្វីលីពីន បង្កើនសន្តិសុខដែនសមុទ្រ ខណៈភាពតានតឹងជាមួយចិនកើនឡើងខ្លាំង
បរទេស៖ លោក ហ្វឺឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr) ប្រធានាធិបតីហ្វីលីពីន បានបញ្ជាឱ្យរដ្ឋាភិបាលរបស់លោក ពង្រឹងការសម្របសម្រួលរបស់ខ្លួនលើសន្តិសុខដែនសមុទ្រ ដើម្បីប្រឈមមុខនឹង «បញ្ហាប្រឈមដ៏ធ្ងន់ធ្ងរជាច្រើន» ចំពោះបូរណភាពទឹកដី និងសន្តិភាព ខណៈដែលជម្លោះជាមួយចិន កាន់តែកើនឡើងខ្លាំង។
បទបញ្ជា ដែលបានចុះហត្ថលេខាកាលពីថ្ងៃច័ន្ទ និងបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃអាទិត្យ (៣១ មីនា) នេះ មិនបាននិយាយអំពីប្រទេសចិនទេ ប៉ុន្តែធ្វើឡើងបន្ទាប់ពីការប្រឈមមុខដាក់គ្នាលើដែនសមុទ្រទ្វេភាគី និងការចោទប្រកាន់គ្នាទៅវិញទៅមកជុំវិញតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូង។
ការប៉ះទង្គិចចុងក្រោយបំផុតបានកើតឡើងកាលពីចុងសប្តាហ៍មុន នៅពេលដែលប្រទេសចិន បានប្រើប្រាស់កាណុងបាញ់ទឹកដើម្បីរំខានដល់បេសកកម្មផ្គត់ផ្គង់ហ្វីលីពីនទៅកាន់ដែនទឹក សេខិន ថូម៉ាស ស្ហូល (Second Thomas Shoal) សម្រាប់ទាហានយាមនាវាចម្បាំង ដែលមានចេតនាដាក់នៅលើតំបន់ថ្មប៉ប្រះទឹកនោះកាលពី ២៥ ឆ្នាំមុន។
បទបញ្ជានេះហាក់ដូចជាពង្រីកតួនាទីរបស់យោធា ដោយដាក់ឈ្មោះថា កងកម្លាំងប្រដាប់អាវុធហ្វីលីពីន មិនត្រឹមតែកងទ័ពជើងទឹកប៉ុណ្ណោះទេ ក្នុងចំណោមភ្នាក់ងារដែលគាំទ្រក្រុមប្រឹក្សាដែនសមុទ្ររបស់រដ្ឋាភិបាលមួយនេះ៕