ជំហរចរចា របស់លោក Zelensky វិមានក្រមឡាំង ឆ្លើយតបទៅ…

រុស្សី៖ ប្រទេសរុស្សីបានធ្វើការឆ្លើយតប ទៅនឹងការស្នើរបស់ប្រធានាធិបតី អ៊ុយក្រែនលោក Vladimir Zelensky ពាក់ព័ន្ធទៅនឹងការវិលត្រឡប់ទៅរកព្រំដែនឆ្នាំ១៩៩១ ប៉ុន្តែអះអាងថា វាមិនមែនជាលក្ខខណ្ឌអទិភាព ដូចពីមុនទៀតឡើយ នេះបើយោងតាមការចេញផ្សាយរបស់ RT ។

លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បាននិយាយថា អ៊ុយក្រែន ត្រូវតែគិតគូរពីការពិតដែលថា ព្រំដែនរបស់ខ្លួនបានផ្លាស់ប្តូរយ៉ាងខ្លាំង ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះជាមួយរុស្ស៊ី។

កាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានស្នើនៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន CBS ថា ការវិលត្រឡប់ទៅកាន់ព្រំដែនឆ្នាំ ១៩៩១ មិនមែនជាលក្ខខណ្ឌជាមុន សម្រាប់ការចរចាជាមួយរុស្ស៊ីទៀតទេ ទោះបីជាយ៉ាងណាក៏ដោយ លោកនៅតែទទូចថា ក្រុងគៀវ ត្រូវតែយកមកវិញនូវទឹកដី ដែលខ្លួនបានបាត់បង់ ទៅទីក្រុងមូស្គូក្នុងឆ្នាំ២០២២។

គួរឲ្យដឹងដែរថានៅឆ្នាំនោះ អតីតទឹកដីអ៊ុយក្រែនចំនួនបួន ដែលមានដូចចាតំបន់ Donetsk, Lugansk, Kherson និង Zaporozhye បានបោះឆ្នោតយ៉ាងលើស លុបដើម្បីចូលរួមជាមួយប្រទេសរុស្ស៊ី នៅក្នុងប្រជាមតិសាធារណៈហើយពួកគេ បានដើរតាមឧបទ្វីបគ្រីមៀ ដែលបានធ្វើដូចគ្នាកាលពីឆ្នាំ ២០១៤ បន្ទាប់ពីរដ្ឋប្រហារគាំទ្រ ដោយលោកខាងលិច នៅទីក្រុងគៀវ៕