គម្រោងព្រែកជីកហ្វូណនតេជោ ! ចិនប្ដេជ្ញាធ្វើឱ្យ ចេញរូបរាងឱ្យបានឆាប់ៗ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុន CCCC ដែលដឹកនាំដោយលោក ឈិន បុង (Chen Zhong) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការបក្ស និងជាអនុប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនសាងសង់ទូរគមនាគមន៍ចិន ចូលជួបសម្តែងការគួរសម និងពិ ភាក្សាការងារនារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសដែលសម្ដេចតេជោ អញ្ជើញចូលរួមវេ ទិការបូអាវឆ្នាំ២០២៤ នៅក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន។

ក្នុងជំនួបនេះ លោកអនុប្រធានក្រុមហ៊ុន CCCC ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន China Road and Bridge ជាក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលបច្ចុប្បន្នកំពុងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប, សៀមរាប-ប៉ោយប៉ែត និងកំពុងសិក្សាគម្រោងព្រែកជីកហ្វូណនតេជោ បានរាយការណ៍ពីការងារគម្រោងសាងសងរបស់ក្រុម ហ៊ុន ជូនសម្ដេចតេជោបានជ្រាប។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគ ម្រោងដ៏សំខាន់សម្រាប់កម្ពុជា។

លោកអនុប្រធានបានគោរពជម្រាបជូនសម្ដេចតេជោថា លោកបានយល់ពីសារៈសំខាន់នៃគម្រោងជាប្រវត្តិសាស្រ្តរបស់កម្ពុជានេះ។ លោកបញ្ជាក់ជូនសម្ដេចតេជោថា លោកនឹងខិតខំប្រឹងប្រែងឱ្យគម្រោងព្រែកជីកហ្វូណនតេជោនេះ បានចេញជារូបរាងតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឱ្យបានឆាប់។

លោកអនុប្រធានក្រុមហ៊ុន ក៏បានជម្រាបជូនសម្តេចតេជោផងដែរ ពីផ្លូវដែលក្រុមហ៊ុនបានសិក្សារួចហើយ ក្នុងនោះមានដូចជា ផ្លូវ ៥០-C ដែលតភ្ជាប់ពីកំពង់ធំ ទៅកំពង់ឆ្នាំង។ ផ្លូវជាតិលេខ ៣ ពីកំពតទៅវាលរិញប្រមាណ ២០ គីឡូម៉ែត្រ ដែលជាផ្លូវខូចធ្វើមិនចេះចប់។ ផ្លូវនេះក្រុមហ៊ុនរបស់លោកក៏បានសិក្សាចប់សព្វគ្រប់ហើយដែរ។ លោកអនុប្រធានក្រុមហ៊ុន ក៏បានស្នើសុំសម្តេចតេជោ សូមជួយជំរុញមិ ត្តចិនឱ្យទម្លាក់ថវិកា ដើម្បីក្រុមហ៊ុនយកទៅសាងសង់ឱ្យបានលឿនផងដែរ៕