ចោទប្រកាន់ជនជួញដូរគ្រឿងញៀន ៣ នាក់ ពីបទសម្អាតប្រាក់
ភ្នំពេញ÷ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ជនសង្ស័យចំនួន ០៣ នាក់ ពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន និងបទល្មើសសម្អាតប្រាក់ តាមមាត្រា ៧១ នៃច្បាប់ ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន។
កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៤ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលករណីសំណុំរឿងព្រហ្មទណ្ឌពីមន្ត្រីនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ដែលបានចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ រកឃើញគ្រឿងញៀនទម្ងន់ប្រមាណ ១៩០ គីឡូក្រាម និងភស្តុតាងពាក់ព័ន្ធការសម្អាតប្រាក់ នៅចំណុចខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៤។ ចំណែកបក្ខពួកពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ ដើម្បីចាត់ការតាមនីតិវិធី។
ជនសង្ស័យដែលត្រូវចោទប្រកាន់ និងបញ្ជូនរឿងទៅចៅក្រមចាត់ការបន្តរួមមាន ៖ ១.ឈ្មោះ សេង សុខទី ភេទប្រុស ជនជាតិខ្មែរ ឆ្នាំកំណើត ១៩៩១ , ២.ឈ្មោះ ខៀវ ចិន្តា ភេទស្រី ជនជាតិខ្មែរ ឆ្នាំកំណើត ១៩៨១ , និង ៣.ឈ្មោះ ហេង គឹមលាង ភេទស្រី ជនជាតិខ្មែរ ឆ្នាំកំណើត ១៩៧៧ (ម្ចាស់ផ្ទះ)។
កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៤ វេលាម៉ោង ១៦ និង ០៥ នាទី មន្ត្រីនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្ក្រាបករណីគ្រឿងញៀន នៅចំណុចទីតាំងទី ១ ដីឡូត៍ តាមបណ្ដោយផ្លូវលេខ ១០០៣ សង្កាត់ច្រាំងចំរេះទី ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ នៅចំណុចទីតាំងទី ២ មុខវត្តញាណរង្សី ផ្លូវលេខ ៣៥៥ សង្កាត់ទួលសង្កែទី ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងនៅចំណុចទីតាំងទី ៣ ផ្ទះលេខ ១២ ផ្លូវ A2 (បុរីហុងឡេងយី) ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជាលទ្ធផល សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យជនជាតិខ្មែរ ចំនួន ០៣ នាក់ រកឃើញសារធាតុញៀន ប្រភេទមេតំហ្វេតាមីន មានទម្ងន់ ១.៩៩៦ ក្រាម ប្រភេទកេតាមីន មានទម្ងន់ ១៨៣.៨២៣,២០ក្រាម ព្រមទាំងភស្តុតាងមួយចំនួនដែលសង្ស័យជាប់ពាក់ព័ន្ធនឹងការសម្អាតប្រាក់។
ក្រោយបញ្ចប់ប្រតិបត្តិការនេះ សមត្ថកិច្ច បានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យខាងលើមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕