មួយជីវិតអាចឱកាសគន់មើល «ផ្កាយដុះកន្ទុយបីសាច» សឹងតែម្ដងគត់ !

12P/Pons-Brooks ជាឈ្មោះផ្កាយដុះកន្ទុយ ដែលមានរហ័សនាមថា «ផ្កាយដុះកន្ទុយបីសាច» បច្ចុប្បន្ន កំពុងហោះឆ្ពោះមកកាន់តែជិតផែនដី ។

ផ្កាយដុះកន្ទុយ 12P/Pons-Brooks បើយោងតាមក្រុមអ្នកវិទ្យាសាស្ត្រ ថានឹងហោះមកក្បែរព្រះអាទិត្យបំផុតនៅក្នុងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ និងស្ថិតនៅក្បែរផែនដីបំផុតក្នុងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ ដោយអ្នកជំនាញឱ្យដឹងដែរថា ដោយហេតុតែផ្កាយដុះកន្ទុយ 12P/Pons-Brooks មានពន្លឺភ្លឺខ្លាំង ដូច្នេះប្រជាជននៅប្រទេសជាច្រើននឹងមានឱកាសបានគន់មើលវាបាន ។

សម្រាប់មនុស្សស្ទើរគ្រប់រូប អាចនិយាយបានថាជាឱកាសតែមួយគត់ក្នុងជីវិត ដែលអាចបានឃើញផ្កាយដុះកន្ទុយនេះ ក៏ព្រោះតែប្រើពេល ៧១ឆ្នាំទៀត ទើបវាហោះចូលមកដល់ខាងក្នុងប្រព័ន្ធព្រះអាទិត្យជាថ្មី ដែលព្រឹត្តិការណ៍នេះនឹងកើតឡើងនៅក្នុងខែសីហា ឆ្នាំ២០៩៥ ។

សម្រាប់អ្នកដែលរស់នៅក្នុងអឌ្ឍគោលខាងជើង ពេលវេលាដែលអាចមើលឃើញ ផ្កាយដុះកន្ទុយ 12P/Pons-Brooks គឺនៅចុងខែមីនា ឆ្នាំ២០២៤ ហើយវាក៏នឹងមិនបង្កគ្រោះថ្នាក់ដល់ភពផែនដីដែរ នេះបើតាមទីភ្នាក់ងារអវកាសអាមេរិក (NASA)។

លើទំព័រ Live Science ឱ្យដឹងថា អ្នកវិទ្យាសាស្ត្រមួយចំនួនព្យាករណ៍ថា ផ្កាយដុះកន្ទុយ 12P/Pons-Brooks អាចនឹងកញ្ជ្រោលខ្លាំងមួយលើកនៅក្នុងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ខាងមុខ ហើយនោះក៏ជាថ្ងៃដែលតំបន់មួយចំនួនលើពិភពលោក បានទស្សនាបាតុភូតសូរ្យគ្រាសពេញលេញផងដែរ។

សម្រាប់អ្នកស្រឡាញ់វិស័យតារាសាស្ត្រប្រាកដជានឹងរំភើបចិត្តខ្លាំង នៅចំពោះមុខព្រឹត្តិការណ៍ «ពាន់ឆ្នាំមានម្ដង» មួយនេះ៕