គម្រោងសាងសង់រោងចក្រសព្វាវុធ នៅអ៊ុយក្រែន របស់បារាំង និងអាល្លឺម៉ង់ ខណៈដែលហានិភ័យ កំពុងកើនឡើង
អាល្លឺម៉ង់៖ ប្រទេសអាល្លឺម៉ង់ និងបារាំង បាននិយាយថា ពួកគេនឹងចាប់ផ្តើមផលិតសព្វាវុធក្នុងប្រទេសអ៊ុយក្រែន ខណៈដែលមេដឹកនាំនៃប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់សហភាពអឺរ៉ុប បានព្យាយាមដោះស្រាយក្តីបារម្ភកន្លងមកដែលថា ភាពខ្វែងគំនិតរបស់ពួកគេ នឹងរារាំងប្លុកនេះពីការប្រមូលការគាំទ្រគ្រប់គ្រាន់សម្រាប់ទីក្រុងគីវ។
ទោះបីយ៉ាងណាក៏ដោយ ការប្រកាសពីលោកអធិការបតីអាល្លឺម៉ង់អូឡាហ្វ សូល (Olaf Scholz) និងប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) កាលពីថ្ងៃសុក្រ នឹងធ្វើការតិចតួច ដើម្បីដោះស្រាយតម្រូវការបន្ទាន់បំផុតរបស់អ៊ុយក្រែន: ការទទួលបានគ្រាប់រំសេវគ្រប់គ្រាន់ក្នុងទីក្រុងគីវ ក្នុងរយៈពេលខ្លី ដើម្បីទប់ស្កាត់ការរុលចូលទៅមុខរបស់កងទ័ពរុស្ស៊ី ដែលការប្រើប្រាស់គ្រាប់ផ្លោងប្រចាំថ្ងៃជាមធ្យម អាចនៅកន្លែងណាមួយពី៣ ទៅ ៥ដងនៃអ្វីដែលកងកម្លាំងអ៊ុយក្រែន អាចបាញ់បាន។
ការប្រកាសនោះ ក៏មិនបានលើកឡើងពីការព្រួយបារម្ភដែលមេដឹកនាំអឺរ៉ុបជាសមូហភាព នៅតែតស៊ូក្នុងការគ្រប់គ្រងទំហំនៃការគំរាមកំហែងដែលពួកគេប្រឈមមុខ។ វោហាស័ព្ទរបស់លោកម៉ាក្រុងកាន់តែអាក្រក់ទៅៗ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ប៉ុន្តែរហូតមកដល់ពេលនេះ លោកបានបរាជ័យក្នុងការបញ្ចុះបញ្ចូល សូលឲ្យគាំទ្រការវិភាគដែលបង្កឲ្យមានការព្រួយបារម្ភបែបនេះ។
លោកសូល និង ម៉ាក្រុង បានជួបជាមួយនាយករដ្ឋមន្រ្តីប៉ូឡូញ ដូណាល់ ថាស់ ( Donald Tusk) នៅក្នុងអ្វីដែលគេហៅថា ទម្រង់សម្ព័ន្ធភាពត្រីភាគី ដើម្បីពិភាក្សាអំពីជំនួយ និងដើម្បីព្យាយាមបង្ហាញរណសិរ្សអឺរ៉ុបរួមមួយ បន្ទាប់ពីមានការជជែកដេញដោលគ្នាជាច្រើនសប្តាហ៍ក្នុងចំណោមប្រទេសរបស់ប្លុកអំពីឧបករណ៍ប្រភេទណា ដែលត្រូវផ្តល់ និងថាតើត្រូវពិចារណាអំពីការបញ្ជូនកងទ័ពទៅអ៊ុយក្រែន។
ទន្ទឹមនឹងនោះ ទាហានអ៊ុយក្រែន កំពុងអស់គ្រាប់រំសេវគួរឲ្យបារម្ភ ខណៈដែលពួកគេប្រយុទ្ធដើម្បីទប់ទល់នឹងការរុលចូលទៅមុខរបស់រុស្ស៊ី ដោយជំរុញឲ្យមានការភ័យខ្លាចថា ការដួលរលំនៃផ្នែកការពារអាចឃើញកងកម្លាំងរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ចូលមកក្នុងទីក្រុងគីវម្តងទៀត៕