ការការពារកិច្ចព្រមព្រៀងទិញដែកថែប ក្រុមហ៊ុន Nippon Steel របស់អាមេរិក ក្រោយពីការប្រឆាំងរបស់លោក បៃដិន
តូក្យូ៖ ក្រោយពីប្រធានាធិបតី សហរដ្ឋអាមេរិកលោក ចូ បៃដិន បានសម្តែងការប្រឆាំង ចំពោះផែនការទិញ-លក់ក្រុមហ៊ុន ដោយក្រុមហ៊ុន Nippon Steel Corp. បានឲ្យដឹងថា ខ្លួនបានប្តេជ្ញាចិត្ត ចំពោះផែនការ ១៤,១ ពាន់លានដុល្លាររបស់ខ្លួនក្នុងការទិញយកក្រុមហ៊ុន United States Steel Corp ។
ក្រុមហ៊ុន Nippon Steel បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រតិបត្តិការរបស់យើង ផ្តល់អត្ថប្រយោជន៍ច្បាស់លាស់ ដល់ដែកថែបរបស់សហរដ្ឋអាមេរិក កម្មករសហជីព ឧស្សាហកម្មដែកថែប របស់អាមេរិក កាន់តែទូលំទូលាយ និងសន្តិសុខជាតិរបស់អាមេរិក” ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានឲ្យដឹងថាក្រុមហ៊ុន United States Steel Corp. គួរតែជាកម្មសិទ្ធិក្នុងស្រុក ដោយចេញមកប្រឆាំងនឹងផែនការ របស់ក្រុមហ៊ុន Nippon Steel Corp. ក្នុងការទិញយកក្រុមហ៊ុននេះ ខណៈដែលការគាំទ្រ ពីសហជីពការងារកាន់ តែមានសារៈសំខាន់ សម្រាប់ការប្រជែងតំណែង ប្រធានាធិបតីអាណត្ដិបន្ដឡើងវិញ របស់លោក។
លោក បៃដិន បាននិយាយនៅ ក្នុងសេចក្តីថ្លែងការណ៍មួយថា “វាជារឿងសំខាន់ដែលយើងរក្សាក្រុមហ៊ុនដែកថែបអាមេរិកដ៏រឹងមាំ ដែលដំណើរការដោយកម្មករ ដែកអាមេរិក”។
ការអត្ថាធិប្បាយបែបនេះ នៅមុនការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកា នឹងប្រែក្លាយផែនការរបស់ក្រុមហ៊ុនជប៉ុន ក្នុងការទិញផលិតករអាមេរិកក្នុងតម្លៃជាង ១៤ពាន់លានដុល្លារ ទៅជាបញ្ហានយោបាយថែមទៀត។
លោក បៃដិន បានលើកឡើងថា “ក្រុមហ៊ុនដែកថែប របស់សហរដ្ឋអាមេរិក គឺជាក្រុមហ៊ុនដែកថែបដ៏ល្បី របស់អាមេរិកអស់រយៈពេល ជាងមួយសតវត្សមកហើយ ហើយវាមានសារៈសំខាន់ណាស់ សម្រាប់វាក្នុងការនៅតែជាក្រុមហ៊ុន ដែកថែបរបស់អាមេរិក ដែលគ្រប់គ្រងនិងប្រតិបត្តិការ ក្នុងស្រុក” ។
អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលព្យាយាមកម្ចាត់លោក បៃដិន ដើម្បីត្រឡប់ទៅសេតវិមានវិញក៏បានឲ្យដឹងថា លោកនឹង “រារាំង” ផែនការរបស់ក្រុមហ៊ុន Nippon Steel ដែលបានប្រកាស កាលពីខែធ្នូ ក្នុងទិញយកក្រុមហ៊ុនដែកថែបអាមេរិកខាងលើនេះ៕