តំបន់ភាគខាងជើង អាជ្ញាធរអ៊ុយក្រែន បើកការជម្លៀសទ្រង់ទ្រាយធំ ស្របការវាយប្រហារកាន់តែខ្លាំង

អ៊ុយក្រែន៖ អាជ្ញាធរអ៊ុយក្រែន បានចាប់ផ្តើមការជម្លៀសសហគមន៍ជាច្រើននៅក្នុងតំបន់ ស៊ូមី (Sumy) ភាគខាងជើងរបស់ប្រទេសនេះ បើតាមក្រុមមន្ត្រីក្នុងតំបន់បាននិយាយកាលពីថ្ងៃសុក្រ ទី១៥ ខែមីនា នៅជិតព្រំដែនរុស្ស៊ី បន្ទាប់ពីការបាញ់ផ្លោងយ៉ាងខ្លាំងក្លា និងដ៏អូសបន្លាយនៅតំបន់នោះ។

រដ្ឋបាលយោធានៃតំបន់ ស៊ូមី បានបង្ហោះនៅលើកម្មវិធីផ្ញើសារតេលេក្រាមដោយនិយាយថា អ្នកស្រុកជាង ១៨០ នាក់នៃតំបន់ក្បែរសហគមន៍ វេលីខូភីសាស្កា (Velikopysarska) ជាប់ព្រំដែន ត្រូវបានជម្លៀសចេញក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ។

អាជ្ញាធរក្នុងតំបន់ ស៊ូមី បានចេញរបាយការណ៍ប្រចាំថ្ងៃជាយូរមកហើយអំពីការបាញ់ផ្លោងរបស់រុស្ស៊ី ប៉ុន្តែការវាយប្រហារកាន់តែខ្លាំងឡើងក្នុងប៉ុន្មានថ្ងៃមកនេះ។ រដ្ឋបាលបាននិយាយថា ប្រជាជនសរុបជាង ៤.៥០០ នាក់ ត្រូវបានជម្លៀសចេញពីភូមិចំនួន ២២ ក្នុងតំបន់ ស៊ូមី ប៉ុន្តែមិនបានផ្ដល់កាលបរិច្ឆេទនៃការជម្លៀសនេះទេ។

សមគមន៍ វេលីខូភីសាស្កា ស្ថិតនៅចម្ងាយតែប៉ន្មានគីឡូម៉ែត្រប៉ុណ្ណោះពីភូមិ ខូហ្ស៊ីនកា (Kozinka) ឆ្លងកាត់ព្រំដែនក្នុងប្រទេសរុស្ស៊ី ជាទីដែលអាជ្ញាធរក្នុងតំបន់ក្នុងសប្តាហ៍នេះបាននិយាយថា ការលុកលុយដោយក្រុមប្រដាប់អាវុធបានបង្កឱ្យមានការខូចខាតយ៉ាងច្រើន៕