ប្រមុខដឹកនាំរដ្ឋកូរ៉េខាងជើង ត្រួតពិនិត្យសមយុទ្ធយោធាផ្លូវអាកាស ខណៈជំរុញឱ្យមានការត្រៀមខ្លួនប្រយុទ្ធ
កូរ៉េខាងជើង៖ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានត្រួតពិនិត្យសមយុទ្ធយោធាផ្លូវអាកាស ហើយបានជំរុញឱ្យមានការត្រៀមលក្ខណៈ «ប្រាកដនិយម» សម្រាប់ការប្រយុទ្ធ បន្ទាប់ពីសមយុទ្ធប្រចាំឆ្នាំរួមគ្នារបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានបញ្ចប់កាលពីដើមសប្ដាហ៍នេះ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរយការណ៍នៅថ្ងៃសៅរ៍ ទី១៦ ខែមីនានេះ។
លោក គីម នៅក្នុងរូបថតដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយ KCNA ត្រូវបានគេមើលឃើញថាកំពុងពិនិត្យមើលសមយុទ្ធ ដែលបានធ្វើឡើងកាលពីថ្ងៃសុក្រ ទី១៥ ខែមីនា ជាមួយកូនស្រីរបស់ខ្លួន និងបានជួបជាមួយក្រុមទាហានឆ័ត្រយោងដែលបានចូលរួមក្នុងការហ្វឹកហ្វឺន។
ប្រព័ន្ធផ្សព្វផ្សាយ KCNA បានបន្ថែមថា លោក គីម បាននិយាយថា លោកពេញចិត្តនឹងការត្រៀមខ្លួនរបស់កងទ័ពកូរ៉េខាងជើង ហើយបានបញ្ជាឱ្យមានការហ្វឹកហ្វឺនដើម្បីទប់ទល់នឹងគ្រប់ប្រភេទនៃសណ្ឋានដី អាកាសធាតុ ពេលវេលា និងលក្ខខណ្ឌធ្ងន់ធ្ងរបំផុតក្នុងសង្រ្គាម។
សមយុទ្ធរបស់កូរ៉េខាងជើង នេះបានធ្វើឡើងបន្ទាប់ពីសមយុទ្ធប្រចាំឆ្នាំរួមគ្នាដែលមានការចូលរួមពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ សមយុទ្ធរួមគ្នារបស់កូរ៉េខាងត្បូង-អាមេរិកនោះ គឺជាលើកទីមួយចាប់តាំងពីទីក្រុងព្យុងយ៉ាង ក្នុងខែវិច្ឆិកា បានលុបចោលកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េឆ្នាំ២០១៨ ក្នុងគោលបំណងកាត់បន្ថយភាពតានតឹង៕